(កំពង់ចាម)៖ ដោយសារតែឪពុកម្តាយរបស់ខ្លួន ធ្លាក់ខ្លួនឈឺមិនអាចធ្វើការ និងអាចរកស៊ីចិញ្ចឹមនោះ បានជំរុញឲ្យ២នាក់ បងប្អូនប្រុសស្រី ត្រូវជួបវិបត្តិយ៉ាងធ្ងន់ធ្ងរជាពិសេស ការរៀនសូត្ររបស់ពួកគេ ក៏ជួបបញ្ហាប្រឈមនោះដែរ។ ប្រឈមនឹងបញ្ហានេះ និងដើម្បីជួយកាត់បន្ថយការលំបាកនោះ លោក ស សុខា តំណាងរាស្រ្តវ័យក្មេងមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងលោកស្រី បានផ្តល់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ យកទៅប្រគល់ជូនពួកគេ ព្រមទាំង ក្រុមគ្រួសារដល់ផ្ទះតែម្តង។

នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ស សុខា បានចាត់ឲ្យក្រុមការងាររបស់លោក នាំយកអំណោយទៅប្រគល់ជូនយុវជន-យុវនារីទាំង២នាក់បងប្អូន និងក្រុមគ្រួសាររបស់ពួកគេដល់ផ្ទះ ស្ថិតនៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក ស សុខា បានថ្លែងបញ្ជាក់នៅលើ Facebook ថា «នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយខ្ញុំបាទជាប់រវល់ និងភារកិច្ច ខ្ញុំបាទបានចាត់ឲ្យលោក លូ សារិនឌី ជំនួយការរបស់ខ្ញុំបាទ ដឹកនាំក្រុមការងារ សសយក ខេត្តព្រៃវែង នាំយកអំណោយរបស់ខ្ញុំបាទ និងភរិយាទៅជូនប្អូនប្រុសឈ្មោះ សាន សេរីវុធ និងប្អូនស្រី សាន ស្រីនាង ដល់ទីលំនៅ ក្នុងភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប្អូនៗទាំងពីរនាក់មានឪពុកម្តាយកើតជំងឺប្រចាំកាយ មិនអាចធ្វើការបានទើបធ្វើឲ្យជីវភាពពួកគាត់ជួបការលំបាក»។

បើតាមការបញ្ជាក់របស់លោក អំណោយដែលត្រូវប្រគល់ជូនរួមមាន៖ ថវិកាប្រចាំខែចំនួន២០០ដុល្លារ អង្ករ១បាវ៥០គីឡូក្រាម ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១ឡូ សៀវភៅ២០ក្បាល ប៊ិច១ប្រអប់ និងបន្ទាត់២ឈុត។ តំណាងរាស្រ្តរូបនេះ បានជំរុញឲ្យប្អូនទាំងពីរនាក់ ខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាយុវជនល្អក្នុងសង្គមជាតិ៕