(ភ្នំពេញ)៖ លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា ឈ្មោះ កែវ មុនីរតន៍ ពុំមានឈ្មោះជាទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦នេះទេ។ ការបញ្ជាក់របស់ក្រសួងមហាផ្ទៃ ខាងលើនេះ បានធ្វើឡើងក្រោយមានស្រ្តីម្នាក់ឈ្មោះ គៀត សូហ្វីយ៉ា បានលើកឡើងតាមបណ្តាញព័ត៌មាន Fresh News ថា បុគ្គលរូបនេះមានតួនាទីជាទីប្រឹក្សាក្រសួងមហាផ្ទៃ។

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ស្រ្តីឈ្មោះ គៀត សូហ្វីយ៉ា បានស្នើឲ្យចុះផ្សាយនូវលិខិតរបស់ខ្លួនមួយទាក់ទងនឹងកិច្ចសុំអន្តរាគមន៍ទៅអភិបាល ខេត្តកណ្តាលឱ្យជួយដោះស្រាយរឿង រំលោភលើសេចក្តីទុកចិត្តនៃកិច្ចសន្យាទិញ-លក់ដី នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ ហើយនៅក្នុងលិខិតរបស់ខ្លួន ស្រ្តីឈ្មោះ គៀត សូហ្វីយ៉ា បានបង្ហាញតួនាទីរបស់ឈ្មោះ កែវ មុនីរតន៌ថា ជាទីប្រឹក្សាក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏សូមឲ្យលោកស្រី គៀត សូហ្វីយ៉ា ម្ចាស់លិខិតសុំកិច្ចអន្តរាគមន៍ ធ្វើការផ្សាយកែតម្រូវឡើងវិញ ដើម្បីកុំឱ្យមានការយល់ច្រឡំ ធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់ក្រសួងមហាផ្ទៃ និងសំណូមពរ
ដល់អាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមនីតិវិធី ប្រសិនបើឈ្មោះខាងលើប្រព្រឹត្តនូវអំពើល្មើសច្បាប់៕