(ស្ទឹងត្រែង)៖ លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះថា វត្តមានត្រីប៉ាស៊ីអ៊ី នៅក្នុងឆ្នាំនេះ មានបរិមាណតិចជាងបណ្តាឆ្នាំមុនៗ ដោយសារមានកត្តាជាច្រើន ដែលធ្វើឲ្យប៉ះពាល់ត្រីប្រភេទនេះដូចជា ការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង(ព្រុំដែនខ្មែរ-ឡាវ) បិទច្រកចរាចរណ៍ចុះឡើងរបស់ត្រី របបទឹកទន្លេមេគង្គក្នុងរដូវវស្សានាឆ្នាំ២០១៩ និង២០២០នេះ មានកម្រិតទាបបំផុតក្នុងប្រវត្តិសាស្រ្ត ដែលអាចប៉ះពាល់ដល់ការបន្តពូជរបស់ត្រី និងកក្តាការកើនឡើងយ៉ាងច្រើននូវអ្នកនេសាទនៅក្នុងខេត្តស្ទឹងត្រែង។

លោក ទុំ នីរ៉ូ បានបន្ថែមថា ដោយសារតម្លៃត្រីប៉ាស៊ីអ៊ីចេះតែកើនឡើង ធ្វើឲ្យអ្នកនេសាទចេះតែប្រឹងចាប់ខ្លាំងឡើងៗដូចគ្នា ដែលទាំងនេះក៏ជាកត្តាគម្រាមកំហែងដល់ និរន្តរភាពនៃត្រីនេះ ផងដែរ។ ទន្ទឹមនឹងការគម្រាមកំហែងដល់និរន្តរភាពនៃត្រីសំខាន់ៗក្នុងខេត្តស្ទឹងត្រែង លោកនាយខណ្ឌជលផល ក៏បានបង្ហាញពីផែនការចំពោះមុខ ក្នុងការសិក្សាស្រាវជ្រាវ និងពិសោធន៍ដើម្បីឈានទៅផលិតពូជត្រីមុនពេលដែលពួកវាផុតពូជ។

បច្ចប្បន្ននេះខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង កំពុងតែសាងសង់ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជយ៉ាងធំមួយដែលគាំទ្រដោយធានាគារពិភពលោក និងថវិកា បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយរំពឹងថានឹងរួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២១។

លោក ទុំ នីរ៉ូ បានបន្តអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ សហគមន៍ និងអ្នកនេសាទផ្ទាល់សូមមេត្តាចូលរួម ទាំងអស់គ្នាដើម្បីថែរក្សាការពារ និងប្រើប្រាស់នូវធនធានជលផលទាំងនេះធានាបាននូវនិរន្តរភាព ដល់កូនចៅជំនាន់ ក្រោយៗទៀតផងដែរ។

តាមការសំភាសន៍អ្នកនេសាទពីទស្សននៃការយល់ឃើញ ក៏ដូចជាបទពិសោធន៍របស់ពួកគាត់បានឲ្យដឹងថា ត្រីប៉ាស៊ីអ៊ីនេះ គឺចុះនៅពេលអាកាសធាតុត្រជាក់ខ្លាំង រវាងខែវិច្ឆិការហូតដល់ខែមករា និងពីខែឧសភា រហូតដល់ខែមិថុនា វាជាប្រភេទត្រីរស់នៅដល់បាតទន្លេ ការចាប់វាគឺដោយមងបណ្តែតដែលប្រើក្រឡាពី ៦សម ទៅ ១២សម។

ត្រីនេះឆ្លងចុះឆ្លងឡើងរវាងកម្ពុជា និងឡាវ តែឥឡូវវាមិនអាចចុះមកក្រោមបានទេព្រោះខាងប្រទេសឡាវគេបានសាងសង់ទំនប់វារីអគ្គិសនីដនសាហុងរួចហើយ ដែលវាកាត់ផ្តាច់ផ្លូវចុះឡើងរស់ត្រីប៉ាស៊ីអ៊ីនេះ។ ចំណែកឯតម្លៃគឺថាអ្នកនេសាទពេលនេសាទបានគឺលក់ឲ្យឈ្មួញកណ្តាល ហើយតម្លៃគិតទៅតាមទំហំត្រី ដូចជាទំងន់ ១ គីឡូក្រាម ទៅ ១.៥ គីឡូក្រាម ថ្លៃ ៨ម៉ឺន ទៅ ១២ម៉ឺន ទំងន់ ១.៦គីឡូក្រាម ទៅ ២ គីឡូក្រាម ថ្លៃ ១២ម៉ឺន ទៅ ១៨ ម៉ឺន ទំងន់ចាប់ពី ២គីឡូក្រាម ថ្លៃចាប់ពី ២០ម៉ឺនឡើង ចំណែកឯឈ្មួញកណ្តាលដែលយកទៅលក់បន្តនៅផ្សារគឺអាចលក់ថ្លៃជាងនេះ។

ក្រុមអ្នកនេសាទបានលើកឡើងដូចៗគ្នាថា ត្រីប៉ាស៊ីអ៊ីដែលពួកគាត់ចាប់បាននាឆ្នាំនេះគឺមានទំហំភាគច្រើនបំផុតក្រោម ១គីឡូក្រាម ហើយមានចំនួនតិចតួច។ ក្រុមអ្នកនេសាទ ក៏បានសំដែងនូវក្តីបារម្មណ៍ផងដែរថា ត្រីប៉ាស៊ីអ៊ីនេះអាចនឹងផុតពូជនាពេលដ៏ខ្លីខាងមុខ។

គួរកត់សំគាល់ថា ជារៀងរាល់ឆ្នាំចាប់ពីខែវិច្ឆិកា រហូតដល់ខែកុម្ភៈ អ្នកនេសាទតែងតែអាចនេសាទបាននូវប្រភេទត្រីប៉ាស៊ីអ៊ីនេះ តាមតិចតាមច្រើន ទៅតាមសំណាង របស់អ្នកនេសាទនីមួយៗ តែគួរឲ្យចំលែកក្នុងរដូវបើកនេសាទនាឆ្នាំ២០២០នេះ អ្នកនេសាទភាគតិចណាស់ដែលនេសាទបានប្រភេទត្រីប៉ាស៊ីអ៊ីនេះ ឯទំហំត្រីក៏តូចជាង កាលពីបណ្តាឆ្នាំមុនៗដែរ៕