(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោ-បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការងារ» ដោយទទួលបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«ច្បាប់ស្ដីពីការងារ» គឺជាក្របខណ្ឌគតិយុត្តដ៏សំខាន់ ក្នុងការលើកកម្ពស់សិទ្ធិការងារ និងភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលត្រូវបានប្រកាស ឲ្យប្រើចាប់តាំងពីឆ្នាំ ១៩៩៧មក។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ច្បាប់នេះ ត្រូវបានធ្វើវិសោធនកម្មចំនួន២ លើករួចមកហើយ ដោយក្នុងនោះ ការធ្វើវិសោធនកម្ម លើកទី១ ក្នុងឆ្នាំ ២០០៧ គឺពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលបន្ថែម និងការងារពេលយប់ ខណៈដែលការធ្វើវិសោនធកម្មលើកទី២ ក្នុងឆ្នាំ២០១៨ ពាក់ព័ន្ធនឹងប្រាក់បំណាច់អតីតភាពការងារ។

ស្របតាមវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ឆ្នាំ ២០១៩ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍយ៉ាងរហ័សផ្នែកសង្គម-សេដ្ឋកិច្ច, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ «សេចក្តីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារ»

សេចក្ដីព្រាងច្បាប់ នៃការធ្វើវិសោធនកម្មលើកទី៣នេះ ដែលជាលទ្ធផលនៃការពិភាក្សា និងការផ្ដល់ធាតុចូលពីភាគីពាក់ព័ន្ធ រួមទាំងសហជីពតំណាងកម្មករនិយោជិត សមាគមនិយោជក និង តំណាងអង្គការអន្តរជាតិខាងការងារ (ILO)។ ជារួម, សេចក្ដីព្រាងនេះមានគោលបំណង រៀបចំឲ្យច្បាប់ស្តីពីការងាររបស់កម្ពុជា ឲ្យមានលក្ខណៈត្រដំត្រសង ជាមួយប្រទេសក្នុងតំបន់ សំដៅកែលម្អបរិយាកាសវិនិយោគ ដោយផ្តោតសំខាន់លើការ៖

១៖ កែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងារ ដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប ដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិក និងការកែច្នៃម្ហូបអាហារ ជាដើម និងបង្កើនការងារជូនប្រជាពលរដ្ឋ។

២៖ ពង្រីកវិសាលភាពសេវាកម្ម របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទការងារបុគ្គល សំដៅពង្រឹងប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារ ឲ្យកាន់តែធានាបាននូវសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

៣៖ ការគិតគូរទិដ្ឋភាពផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា ទាំងក្នុងតំបន់ និងសកលលោក ជាដើម។

ជាកិច្ចបញ្ចប់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារ ដែលដឹកនាំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំរៀបចំសេចក្ដីព្រាង ដ៏មានសារៈសំខាន់នេះ និងបានណែនាំឲ្យក្រុមការងារ ធ្វើការកែសម្រួលឯកសារនេះ ស្របតាមស្មារតីនៃកិច្ចប្រជុំ ដើម្បីបន្តនីតិវិធីគោរពស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល៕