(ភ្នំពេញ)៖ មណ្ឌលសុខភាពចាក់អង្រែ គឺជាមណ្ឌលសំខាន់ទីពីរនៅប្រទេសកម្ពុជា បន្ទាប់ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលដើរតួជាមណ្ឌលផ្តល់សេវាព្យាលបាល និងថែទាំអ្នកជំងឺដែលបានឆ្លងមេរោគកូវីដ-១៩។

ដើម្បីតបស្នងចំពោះគុណូបការៈនេះ ទើបលោក ទា សុខឈួន និងភរិយា ដែលជាម្ចាស់កសិដ្ឋានផ្សិតខេមា (ផ្សិតទឹកដោះគោ) ក៏បានរៀបចំម្ហូបអាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកនៅមណ្ឌលសុខភាពចាក់អង្រែ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។

ប្រធានក្រុមគ្រូពេទ្យជួរមុខវគ្គទី១៤ នៅប្រចាំការក្នុងមណ្ឌលសុខភាពចាក់អង្រែ បានថ្លែងអំណរគុណចំពោះលោក ទា សុខឈួន និងភរិយា ដែលបានរៀបចំម្ហូបអាហារ និងភេសជ្ជៈជូនដល់គ្រូពេទ្យ និងបុគ្គលិកទាំងអស់នាពេលនេះ។

ប្រធានក្រុមគ្រូពេទ្យជួរមុខវគ្គទី១៤ បានកោតសរសើរចំពោះលោក ទា សុខឈួន និងភរិយា ដែលមានទឹកចិត្តធំធេងក្នុងការឧបត្ថម្ភ តាមរយៈកិច្ចការងារមនុស្សធម៌ ក៏ដូចជាការងារសង្គមផ្សេងៗ ស្របតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែករួមគ្នាតិច ឬច្រើនពីគ្រប់ភាគីក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ព្រមទាំងជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដោយបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ។

គួរបញ្ជាក់ថា ក្នុងករណីសប្បុរសជនដែលមានបំណងចង់ជួយ ឬឧបត្ថម្ភដល់ក្រុមគ្រូពេទ្យជួរមុខ អាចអញ្ជើញមកដោយផ្ទាល់បាននៅក្នុងមណ្ឌលសុខភាពចាក់អង្រែនេះ៕