(ភ្នំពេញ)៖ អ្នកជំនាញនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានស្នើឱ្យរាជរដ្ឋាភិបាលដំឡើងពន្ធលើផលិតផលថ្នាំជក់ ឱ្យប្រហាក់ប្រហែលនឹងបណ្ដាប្រទេសដទៃក្នុងតំបន់អាស៊ាន ដើម្បីបង្កើនចំណូលពន្ធជាតិ ២៣៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំឆ្នាំ ថែមទាំងកាត់បន្ថយអត្រាស្លាប់ ជំងឺ និងពិការភាពដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់។

អង្គការចលនាដើម្បីសុខភាពកម្ពុជាបានឱ្យដឹងថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាពន្ធលើផលិតផលថ្នាំជក់ទាបជាងគេ នៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន អត្រាពន្ធលើផលិតផលថ្នាំជក់ធៀបតម្លៃលក់រាយនៅកម្ពុជាមានត្រឹមតែ ២៥ ភាគរយសម្រាប់បារីក្នុងស្រុក និង ៣១.១% ប៉ុណ្ណោះសម្រាប់បារីនាំចូល ខណៈប្រទេសថៃមានអត្រាពន្ធធៀបតម្លៃលក់រាយ ៧០ ភាគរយ សិង្ហបុរី ៦៧.៥ ភាគរយ និងភូមាចាប់ពី ៥០-៦០ ភាគរយ។

កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ និង ៩៣៣ លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ ប្រសិនបើប្រទេសកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥ ភាគរយនៃតម្លៃបារីលក់រាយ យោងតាមការសិក្សារបស់ការអង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៩។

ជាងនេះទៀត ការដំឡើងពន្ធថ្នាំជក់កាត់បន្ថយអត្រាស្លាប់ ជំងឺ និងពិការភាពដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងន័យនេះអាចបញ្ជាក់ថា ទុក្ខវេទនារបស់ប្រជាពលរដ្ឋក៏បានកាត់បន្ថយ។

ប្រជាពលរដ្ឋកម្ពុជា ៨០ ភាគរយគាំទ្រឱ្យមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ និងដំឡើងថ្លៃតម្លៃបារី (ការអង្កេតថ្នាក់ជាតិរបស់ក្រសួងផែនការ ឆ្នាំ២០១៤ លើមនុស្សពេញវ័យស្ដីពីថ្នាំជក់នៅកម្ពុជា)។ មិនតែប៉ុណ្ណោះ កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញា ស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលមានកាតព្វកិច្ចដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីបង្ហាញការប្ដេជ្ញាចិត្តអនុវត្តអនុសញ្ញានេះ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលបន្ថែម ជាពិសេសក្នុងដំណាក់កាលប្រទេសយើងជួបវិបត្តិកូវីដ-១៩ ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរ»

គួរបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាចំនួន ១៥,០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យខាតបង់ទឹកប្រាក់ ៦៤៩ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលស្មើនឹង ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ក្នុងនោះ ៥៨៤ លានដុល្លារអាមេរិក បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់ ផលិតភាពធ្លាក់ចុះពីការសម្រាកជក់បារី និងអវត្តមានពីការងារជាដើម។ នេះបើយោងតាមការសិក្សារបស់ការអង្គការសហប្រជាជាតិ៕