(ភ្នំពេញ)៖ បណ្តឹងចំនួន៩៥ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដោយសុំលុបឈ្មោះពលរដ្ឋ ២,៧៣៣រូបចេញពីបញ្ជីឈ្មោះបោះឆ្នោត ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយចប់អស់ហើយគិតត្រឹមព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ។ បណ្តឹងទាំង៩៥របស់ LDP ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញសម្រេចច្រានចោលទាំងអស់ និងបិទផ្លូវតវ៉ា និងរក្សានូវសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

បណ្តឹងទាំង៩៥នេះ ត្រូវបានក្រុមប្រឹក្សាលើកយកមកពិនិត្យនៅថ្ងៃទី២១ ខែធ្នូ ចំនួន ២៨បណ្តឹង, ថ្ងៃទី២៣ ខែធ្នូ ដោះស្រាយ ២៣បណ្តឹង និងថ្ងៃទី២៥ ខែធ្នូ នេះ ចំនួន ៤៤បណ្តឹង។

លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រុមប្រឹក្សាធម្មនុញ្ញបានបិទបញ្ចប់សំណុំរឿងទាំង ៩៥បណ្ដឹង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលប្ដឹងតវ៉ាលុបឈ្មោះប្រជាពលរដ្ឋចំនួន ២,៧៣៣រូប ចេញពីបញ្ជីបោះឆ្នោតដំបូង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ។

លោកបានបន្ថែមថា «ចំពោះបណ្តឹងទាំង ៩៥នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចតម្កល់សេចក្ដីសម្រេចរបស់ គ.ជ.ប និងបានសម្រេចច្រានចោលបណ្ដឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយឈរលើស្មារតីនៃច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត និងច្បាប់ពាក់ព័ន្ធនានា»។

តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានសម្តែងការមិនសប្បាយចិត្តឡើយ សម្រាប់ការសម្រេចនេះ។ តែសម្រាប់លោក ព្រហ្ម វិចិត្រអក្ខរា បានថ្លែងថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺធ្វើដោយផ្អែកទាំងស្រុងទៅតាមច្បាប់ ដែលបានកំណត់។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាការឈ្នះរបស់ប្រជាពលរដ្ឋ ដោយមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅពេលគ្រប់អាយុបោះឆ្នោត។

អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានអះអាងបែបនេះ «បើពិនិត្យលើទិដ្ឋភាពយុត្តិធម៌សង្គមវិញ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតហើយដែលបានបំពេញលក្ខខណ្ឌតាមច្បាប់សម្រាប់ការចុះឈ្មោះ គឺជាអ្នកឈ្នះ។ ពុំមានគណបក្សនយោបាយណាមួយ ឬស្ថាប័នណាមួយឈ្នះ ឬចាញ់នោះទេ។ បានន័យថាប្រជាពលរដ្ឋខ្មែរជាអ្នកឈ្នះ ដែលនេះ គឺជាសមត្ថកិច្ចចម្បងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការធានាការពារការគោរពរដ្ឋធម្មនុញ្ញ ព្រោះសិទ្ធិក្នុងការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសម្រាប់ពលរដ្ឋខ្មែរ ដែលមានអាយុ ១៨ឆ្នាំឡើងទៅ ត្រូវបានកំណត់យ៉ាងជាក់លាក់ក្នុងរដ្ឋធម្មនុញ្ញ»

សូមរំលឹកថា កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ឆ្នាំ២០២០។ ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតបានធ្វើឡើងពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា។

ដំណើរចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតរយៈពេល១៩ថ្ងៃនេះ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ២៦៨,៥៥៣នាក់ ស្មើនឹង ៨៩.៤០ភាគរយ បើធៀបទៅនឹងផែនការអ្នកចុះឈ្មោះបោះឆ្នោតថ្មី ក្នុងចំនួនប្រមាណ ៣០០,៣៩០នាក់។

ជាមួយគ្នានេះ គ.ជ.ប បានសម្រេចលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតចំនួន ១៥២,០០៤នាក់ កែតម្រូវទិន្នន័យចំនួន ៩២,៨២២នាក់ និងអ្នកផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី ចំនួន ៨៨,៨៤៦នាក់។

ពាក់ព័ន្ធដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនេះ មានពាក្យបណ្តឹងជាច្រើនបានធ្វើឡើងផងដែរ។ ក្នុងនោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្តឹងច្រើនជាងគេ ដោយទាមទារឱ្យលុបឈ្មោះពលរដ្ឋមួយចំនួនចេញពីបញ្ជីបោះឆ្នោត ដោយអះអាងថាមានភាពមិនប្រក្រតីនៃការចុះឈ្មោះ ដូចជាអ្នកមិនមានអាស័យក្នុងឃុំសង្កាត់ដែលចុះឈ្មោះ តែបានចុះឈ្មោះជាដើម។

បណ្តឹងរបស់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទាំងអស់ ត្រូវបាន គ.ជ.ប ច្រានចោល និងមិនអនុវត្តន៍តាមការទាមទារនោះឡើយ៕