(ព្រៃវែង)៖ តាមការសង្កេតនឹងវាយតម្លៃ ជាទូទៅពីស្ថានភាពផលិតកម្ម ចិញ្ចឹមទាយកពង ក្នុងខេត្តព្រៃវែង ឃើញថា ដោយមានការយកចិត្តទុកដាក់ អនុវត្តអំពីវិធានការ ជីវសុវត្ថិភាព បាញ់ថ្នាំសំលាប់មេរោគ ក៏ដូចជាវិធានត្រួតពិនិត្យអនាម័យសត្វ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺសត្វជាប្រចាំ ដែលអាចបង្កលទ្ធភាពឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ ប្រកបរបរអាជីវកម្មចិញ្ចឹមទាយកពងរហូត ដល់ជាង២លាន៥សែនក្បាល លក្ខណៈចិញ្ចឹមដោយដាក់ទ្រុងត្រឹមត្រូវ ដែលអាចមានសមត្ថភាព ផលិតពងទា បានជាង២លានគ្រាប់ ក្នុងមួយៗថ្ងៃផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។

លោក អ៊ុក សំណាង បានដឹងទៀតថា កសិករចិញ្ចឹមទានៅក្នុងខេត្តព្រៃវែង អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ពងទានៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅខេត្តជារៀងរាល់ថ្ងៃ ប៉ុន្តែក្នុងរដូវបើកនេសាទត្រី ត្រូវបានប្រជាពលរដ្ឋនាំគ្នា សម្រុកចាប់ផ្តើមធ្វើប្រហុក ផ្អកត្រីងៀត ត្រីឆ្អើរ នៅក្នុងរដូវនេះជារៀងរាល់ឆ្នាំ ក្នុងនោះអាចធ្វើឲ្យមានផលបះពាល់ដល់តម្លៃពងទា គឺមានការចុះថ្លៃខ្លះដែរ ដែលនាំឲ្យកសិករខ្លះ ឬបងប្អូនក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ខ្លះអាចមានការយល់ច្រឡំគិតថា មានបញ្ហាការនាំចូលពងទាពីប្រទេសជិតខាង ជាពិសេសវៀតណាមចូលមកដណ្តើមទីផ្សារក្នុងស្រុក ទើបធ្វើឲ្យពងទាក្នុងស្រុកធ្លាក់ថ្លៃចុះថោកបែបនេះ។

លោកបានបញ្ជាក់ថា រដូវនេះ ជារដូវប្រមូលផលស្រូវវស្សា របស់ប្រជាកសិករជាទូទៅ នៅគ្រប់ស្រុកគ្រប់តំបន់ ដោយប្រើម៉ាស៊ីនច្រូតកាត់ ហើយមានគ្រាប់ស្រូវជ្រុះច្រើន បង្កើតឲ្យសំបូរដោយចំណី ធ្វើឲ្យកសិករមួយចំនួន បង្កើនកំណើននៃការចិញ្ចឹមទា មានការកើនឡើងខ្ពស់ថែមទៀត ហើយការចិញ្ចឹមមិនដាក់ទ្រុង គឺជាការចិញ្ចឹម លែងចល័ត ឲ្យស៊ីចំណីធម្មជាតិគ្រាប់ស្រូវជ្រុះ នៅតាមវាលស្រែក៏ដូចជាកូនត្រី ខ្យងខ្ចៅផ្ទាល់ ដែលជាហេតុបង្កើនបរិមាណទាពងទាថែមទៀតយ៉ាងច្រើន ដែល ក្នុងពេលនេះ ចំពោះឈ្មួញប្រមូលទិញពងទា មិនមានចំនួនកើនឡើងនោះទេ គឺនៅមានចំនួនដដែលប៉ុណ្ណោះ។

លោកថា ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួនទៀត ក៏បានបង្កើនការចិញ្ចឹមទាយកពង ស្ទើរគ្រប់ខេត្តថែមទៀត នេះហើយដែលឈ្មួញមួយចំនួន បានឆ្លៀតឱកាសបង្កបញ្ហាបញ្ចុះតម្លៃពងទាខ្លះៗ ធ្វើឲ្យកសិករយើងបាត់បង់ប្រាក់ចំណេញ នឹងឈានដល់ការខាតបង់ថែមទៀតផង ម្យ៉ាងក្នុងបរិបទស្រុកយើងសព្វថ្ងៃនេះ ពុំសូវឲ្យគុណតម្លៃនៃពងទានឹងបង្កើនសក្តានុពលប្រើប្រាស់ប្រចាំថ្ងៃច្រើននៅឡើយទេ។

លោក អ៊ុក សំណាង បានអំពាវនាវដល់ឈ្មួញប្រកបរបរប្រមូលទិញពងទា មេត្តាជួយថែរក្សាតម្លៃពងទា រវាងអ្នកផលិត និងអ្នកប្រមូលទិញ ឲ្យទទួលយកបានផលចំណេញទាំងអស់គ្នា ដោយប្រើយុទ្ធសាស្ត្រ ឈ្នះឈ្នះ ទើបមាននិរន្តរភាពអាជីវកម្មល្អទាំងអស់គ្នា និង សូមជួយចូលរួមចំណែកគាំទ្រ និងឲ្យតម្លៃប្រើប្រាស់ ផលិតផលដែលយើង មាននៅក្នុងស្រុកទាំងអស់គ្នាផងដែរ៕