(ភ្នំពេញ)៖ ព្រឹត្តិការណ៍សំអាតអនាម័យបរិស្ថាន ក្រោមប្រធានបទ «យុវជន និងបរិស្ថាន» នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានដឹកនាំយុវជនប្រមាណ២០០នាក់ ចូលរួមធ្វើអនាម័យបរិស្ថាន នៅបរិវេណក្រោយទីស្តីការក្រសួងបរិស្ថាន ចាប់ទីតាំងស្ពាននាគ រហូតដល់ស្ពានឥន្ធនូ (កោះពេជ្រ)។

ព្រឹត្តិការណ៍នេះដឹកនាំដោយលោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន, នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនឹងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះ លោក សូ ខនឬទ្ធីគុណ បានថ្លែងថា ការធ្វើអនាម័យបរិស្ថាន ពិតជាមានសារៈសំខាន់ ចំពោះបរិស្ថានរស់នៅ និងសុខភាពមនុស្ស។ ការទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងការចូលរួមអនុវត្តការញែកសំរាមទៅតាមប្រភេទ គឺជារឿងចាំបាច់ដែលយើងគ្រប់គ្នាត្រូវចូលរួមធ្វើ។

លោក សូ ខនឬទ្ធីគុណ បានឱ្យដឹងថា ការរៀបចំព្រឹត្តការណ៍ថ្ងៃនេះ គឺជាសកម្មភាពគំរូមួយជួយបំផុសដល់សាធារណជនឱ្យចូលរួម និងយល់អំពីសារៈសំខាន់នៃអនាម័យបរិស្ថានល្អ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានសង្ឃឹមថាព្រឹត្តការណ៍នេះ នឹងត្រូវបានបន្តរៀបចំជាបន្តបន្ទាប់ទៀត៕