(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ កំពុង​រស់នៅតាមអមប្រឡាយមេរលាំងជ្រៃ ដែល​គេដឹង​ថា​ឆ្លងកាត់​រហូត​៣ស្រុកក្រុង គឺក្រុងច្បារមន ស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល បានបញ្ចេញប្រតិកម្ម និងសូមអំពាវនាវដល់អាជ្ញាធរ​ពាក់ព័ន្ធនានា ជួយអន្តរាគមន៍​ក្រោយពេល​ដែល ខាងរោងចក្រមួយ​កន្លែង​ដែលមាន​យីហោឈ្មោះ AGILE SWEATER CAMBODIA មានទីតាំងស្ថិត​នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានលួចកាយ និងដាក់លូ ដើម្បីបង្ហូរទឹកស្អុយ និងកាក​សំណល់​ចូលក្នុងប្រឡាយ​ដ៏ធំមួយនេះ ដែលប្រជាពលរដ្ឋអះអាងថា នឹងធ្វើ​ឲ្យប៉ះពាល់​ដល់សុខភាពរបស់ពួក​គាត់យ៉ាងខ្លាំង ពីព្រោះពួកគាត់បានប្រើប្រាស់ទឹកប្រឡាយនេះ​ជាប្រចាំ ។

ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិថ្មី ភូមិទួលធ្នង់ ក្នុងសង្កាត់រកាធំ ក្រុងច្បារមន បានប្រាប់ភ្នាក់ងារ Fresh News ថា «ទឹកប្រឡាយ​មេពីលាំង​ជ្រៃនេះ ពួក​ខ្ញុំ​ប្រើខួប​ប្រាំងខួបវស្សា មិនគួរ​ណារោងចក្រមួយ​នេះ ដែលមានច្បាប់ត្រឹមត្រូវ​មកអនុវត្ត​ផ្ទុយទៅវិញ ហើយការបង្ហូរទឹក​ចូលប្រឡាយមេ​គឺមានផលប៉ៈពាល់យ៉ាង​ខ្លាំង​ តាំងពីសត្វពាហនៈរហូតមនុស្ស ពីព្រោះទឹក​ដែលរោងចក្របង្ហូរចូលមាន​ ក្លិនស្អុយអសោច ដែលនៅស្ទើមិន​អាចទ្រាំបាន»

ចំពោះប្រពលរដ្ឋរស់ភូមិទួលសំណាង ភូមិដំណាក់អំពិល របស់ស្រុកអង្គស្នួល ខេត្តកណ្តាល ម្នាក់ៗក្រោយពីបានទទួលព័ត៌មាន​មានរោងចក្របង្ហូរ​ទឹកស្អុយ​ចូលបែបនេះ ក៏បានសម្តែង​ក្តីព្រួយបារម្មណ៍ ពីការទទួលឥទ្ធិពល​នៃសារជាតិគីមី ដែលរោងចក្រ​យកប្រើហើយ​បង្ហូរតាមរយៈ​បោកគួកខោអាវ ជារៀងរាល់ថ្ងៃ។

ក្រុមអ្នកភូមិរស់នៅអមប្រឡាយ​បានទទូចដល់អាជ្ញាធរ​ពាក់មេត្តាចុះពិនិត្យភាពមិនប្រកតីនេះ ជាបន្ទាន់ ពីព្រោះរោងចក្រ មានបំណង​កាយ​លុប​លើលូបំបាត់ដាន ដោយហូរនៅក្រោម​​ដីចូលមកក្នុង​ប្រឡាយរហូត ៥-៦ កន្លែង ហើយបើមិនស្រូត​មកពិនិត្យទេ​ច្បាស់ជាបាត់​ដាន​អស់មិន​ងាយ និងលុបវិញឡើយ ។

ទាក់ទងការបញ្ចេញប្រតិកម្មខាងលើនេះ  លោក គាត រង្សី ប្រធានមន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ បានឲ្យដឹងថា លោកមិនបានដឹង​រឿងនេះទេ តែបើរោង​ចក្រ​ណា​ហ៊ាន​បំពានច្បាប់ លោកនឹងមានវិធានការចុះ​ទប់ស្កាត់ជាបន្ទាន់ ។ លោកប្រធានមន្ទីរ​បានបន្តថា  «បើទោះបីជារោងចក្រមានច្បាប់​សាងសង់តែរោងចក្រ​នោះត្រូវមានច្បាប់​បរិស្ថានោងដែរ  ហើយរាល់ការអនុញ្ញាត​នានាក៏​ត្រូវគោរពច្បាប់​បរិស្ថានផងដែរ»

ទាក់និងរឿងបង្ហូរទឹកស្អុយ​ចូល​ប្រឡាយនេះ ភ្លាមៗ​ក្រោយ​ទទួលបានព័ត៌មាន លោកបានបញ្ជា​ឲ្យជំនាញចុះ​ដល់កន្លែង ហើយលោកនឹងធ្វើរបាយការណ៍​ជូនថ្នាក់លើ​សុំឲ្យរោង​ចក្រផ្អាក​ជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខ​ភាពពលរដ្ឋ ៕