(សហរដ្ឋអាមេរិក)៖ ក្រោយពីបញ្ចប់កិច្ចកំពូលអាស៊ាន-អាមេរិក លោកប្រធានាធិបតី បារាក់ អូបាម៉ា បានធ្វើសន្និសីទកាសែតដ៏សំខាន់មួយ ដើម្បីបង្ហាញពីលទ្ធផល នៃកិច្ចប្រជុំរយៈពេល២ថ្ងៃ​កន្លងមកនេះ, ប៉ុន្តែបែរជាអ្នកកាសែតបរទេស៥នាក់ ទៅសួរព័ន្ធពាក់តែរឿងការបោះឆ្នោត នៅអាមេរិកទៅវិញ មិនបានសួរនាំអំពីព័ត៌មាននៃលទ្ធផលកិច្ចប្រជុំ នេះបើយោងតាមសេចក្តីរាយការណ៍​ពីលោក ពុយ គា ថ្លែងប្រាប់ពីទីកន្លែង​កិច្ចប្រជុំអាស៊ាន-អាមេរិក នៅរដ្ឋ Califorina សហរដ្ឋអាមេរិក។

លោក ពុយ គា ជាអ្នកកាសែតជើងចាស់ និងមានបទពិសោធលើវិស័យព័ត៌មានអាស៊ាន និងអន្តរជាតិ បានថ្លែងថា៖ លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ជាដំណឹងដ៏សំខាន់​សម្រាប់អ្នកសារព័ត៌​មាន តែបែរជាមិនបានលើកឡើងសួរ, ព្រោះមានពួកគេចុះ ឈ្មោះ៥នាក់ អស់ហើយ សុទ្ធតែជនបរទេសទាំងអស់ (គ្នាគេ)។ អាចនិយាយបានថា ធ្វើសន្និសិទកាសែតរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក ក៏បក្សពួកនិយមដែរ។

សូមជំរាបថា កិច្ចប្រជុំម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលើកឡើងអំពីបញ្ហាក្តៅៗសមុទ្រចិនខាងត្បូង និងឧបទ្វីបកូរ៉េ ដោយស្នើឲ្យប្រទេសក្នុងតំបន់អាស៊ាន ផ្អាកសកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង។

នៅក្នុងកិច្ចប្រជុំកំពូលពិសេសនោះ វៀតណាម ហ្វីលីពីន និងសហរដ្ឋអាមេរិក បានលើកឡើងអំពីបញ្ហាលំបាកៗ ពាក់ព័ន្ធនឹងសកម្មភាពរបស់ចិន នៅតំបន់សមុទ្រខាងត្បូង ដោយសេរីនៅក្នុង​កិច្ចប្រជុំតែម្តង។

ក្រៅពីនោះលោកប្រធានាធិបតី ក៏បានលើកឡើងផ្តោតសំខាន់ទៅលើទំនាក់ទំនងបញ្ហាសេដ្ឋកិច្ច ព្រមទាំងអញ្ជើញនាយកក្រុមហ៊ុនធំៗចំនួន៣ មកធ្វើបទបង្ហាញប្រាប់ដល់មេដឹកនាំអាស៊ាន ដើម្បីបង្ហាញពី​សក្តានុពលសេដ្ឋកិច្ច ជួយនិងជំរុញដល់ប្រទេសក្នុងតំបន់អាស៊ាន ឲ្យបានលឿនជាងមុន។ ក្រៅពីនោះប្រធានាធិបតី ក៏បានលើកឡើងអំពីបញ្ហាលើវិស័យអប់រំ និងធនធាន​មនុស្សផងដែរ៕