(ភ្នំពេញ)៖ នាឱកាសទស្សនកិច្ចនៅទីស្នាក់កណ្ដាលថ្មីរបស់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លឹម ជាវត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ចំពោះការរៀបចំទីស្នាក់ការកណ្ដាលថ្មីនេះ ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាផាសុកភាពរបស់បុគ្គលិក-សហការីគ្រប់គ្នា។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើរចំពោះការរៀបចំទីស្នាក់ការកណ្ដាលថ្មីរបស់ Fresh News ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ដល់បុគ្គលិក ដែលបានធ្វើឱ្យបុគ្គលិកចាត់ទុក office នេះប្រៀបដូចជាផ្ទះទីពីររបស់ខ្លួន ប្រកបដោយផាសុកភាព»។

លោករដ្ឋមន្ត្រីបានចាត់ទុកថា ការរៀបចំទីស្នាក់ការកណ្ដាលថ្មី ដែលប្រកបដោយការគិតគូរយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយនេះ គឺជាជោគជ័យមួយជំហានទៀតសម្រាប់ប្រតិបត្តិការក្នុងវិស័យព័ត៌មាន នាយុគសម័យបច្ចេកវិទ្យាទំនើបនេះ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ ក៏បានចារបញ្ជាក់ពីចំណាប់អារម្មណ៍នៅលើក្រាំងយ៉ាងដូច្នេះថា «គណៈប្រតិភូក្រសួងព័ត៌មាន សូមថ្លែងសរសើរហេដ្ឋារចនាសម្ព័ន្ធអង្គភាព Fresh News ដែលប្រកបដោយផាសុកភាព មានលក្ខណៈកក់ក្ដៅជាគ្រួសារ និងធានាប្រសិទ្ធភាពការងារ។ សូមជូនពរ លោកនាយក និងសហការី ទទួលបានជ័យជម្នះធំៗក្នុងសមរភូមិព័ត៌មាន»

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ អមដំណើរដោយមន្ត្រីជាន់ខ្ពស់មួយចំនួន បានអញ្ជើញបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់អង្គភាពព័ត៌មាន Fresh News ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដំណើរអញ្ជើញទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីនៅទីស្នាក់ការកណ្តាលអង្គភាពព័ត៌មាន Fresh News គឺជាការផ្តល់កិត្តិយសដ៏ធំធេងក្នុងនាមជាអាណាព្យាបាលលើវិស័យព័ត៌មាននៅកម្ពុជា។ វត្តមានរបស់លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកនៅទីស្នាក់ការកណ្តាលផងដែរ។

ទីស្នាក់ការកណ្តាលផ្ទាល់ខ្លួនជាលើកដំបូងរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២០។ អគារការិយាល័យថ្មីដែលជាអគារលើកដំបូងក្រោយអង្គភាពព័ត៌មាន Fresh News បដិសន្ធិឡើងជិត៦ឆ្នាំនេះ មានកម្ពស់៤ជាន់ ចែកចេញជាបន្ទប់សម្រាប់ផលិតព័ត៌មានវីដេអូ, បន្ទប់ថតកម្មវិធីសិល្បៈ, កន្លែងផលិតព័ត៌មាន, បន្ទប់ផ្ទុកទិន្នន័យ (Data Center), បន្ទប់ប្រជុំ, កន្លែងអានសៀវភៅ, កន្លែងហាត់ប្រាណ, កន្លែងពិសារកាហ្វេ, អាហារដ្ឋាន និងមានកន្លែងសម្រាប់រៀបចំពិធីជប់លៀងផងដែរ។

ផ្តើមចេញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងអារម្មណ៍របស់បុគ្គលិកនោះ លោក លឹម ជាវុត្ថា និងលោក គឹម ម៉េង ជាសហស្ថាបនិក បានផ្ទិតផ្ចង់ជាខ្លាំងលើការរចនាអគារទាំងផ្ទៃខាងក្នុង និងខាងក្រៅឱ្យមានសោភ័ណភាព និងការទាក់ទាញ។ បរិវេណអគារត្រូវបានរៀបចំដោយរំលេចដោយរុក្ខជាតិមួយចំនួន ហើយក៏មានកន្លែងសម្រាប់បុគ្គលិកលំហែអារម្មណ៍ផងដែរ ដើម្បីកាត់បន្ថយភាពតានតឹងជាមួយការងារ។

ក្នុងឱកាសនេះលោក លឹម ជាវុត្ថា បានបង្ហាញក្តីរំភើបរីករាយ និងគោរពអរគុណលោករដ្ឋមន្ត្រី ក្នុងនាមជាអាណាព្យាបាលលើវិស័យព័ត៌មាន ដែលបានអញ្ជើញបំពេញទស្សនកិច្ច និងតែងផ្តល់ដំបូន្មាន និងណែនាំកែលម្អតម្រង់ទិសសម្រាប់អង្គភាពឱ្យឈររឹងមាំលើសមរភូមិសតិអារម្មណ៍៕