(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរឹតបន្តឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ការឆ្លងរីករាយដាល នៃជំងឺកូវីដ-១៩ ជាពិសេសការធ្វើចត្តាឡីស័ក ចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេសឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុត ស្របតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល។

ការថ្លែងរបស់អភិបាលខេត្តស្វាយរៀង ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង។ ដោយកិច្ចប្រជុំនេះ ក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០២០ផងដែរ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលក្នុងរយៈពេលពេញមួយ ឆ្នាំ២០២០នេះ បើទោះជាមានបញ្ហាប្រឈមនានាបានកើតឡើង ជាពិសេសបញ្ហាកូវីដ-១៩ បញ្ហាគ្រោះធម្មជាតិ និងជំនន់ទឹកភ្លៀង ប៉ុន្តែបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ រួមជាមួយរដ្ឋបាលខេត្ត សម្រេចបាននូវសមិទ្ធផលល្អប្រសើរជាច្រើន ទាំងការងារ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងការចូលរួមយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានប្រកបដោយលទ្ធផលវិជ្ជមាន។

លោក ម៉ែន វិបុល ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធ នូវចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ

*ទី២៖ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកត្រូវបន្តធ្វើការពិនិត្យ តាមដាន ជំរុញ និងគាំទ្រដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ជាពិសេសការដាំដុះពូជស្រូវ គ្រាប់ពូជដំណាំ ពូជត្រី ដែលបានធ្វើការចែកជូននាពេលកន្លងមកឲ្យទទួលបានលទ្ធផល និងទិន្នផលខ្ពស់ និងល្អប្រសើរ

*ទី៣៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង

*ទី៤៖ រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ តួយ៉ាងដីព្រៃដីចំណីបឹង ទន្លេ ព្រែកឲ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ

*ទី៥៖ រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបន្ដណែនាំ អប់រំផ្សព្វផ្សាយ និងទប់ស្កាត់ ឲ្យបាននូវការសាងសង់សំណង់អនាធិបតេយ្យ និងសំណង់ផ្សេងៗ ដែលរំលោភលើដីចំណីផ្លូវ

*ទី៦៖ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធភាព៕