(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានទទួលសម្ភារបរិក្ខារមួយចំនួន មានដូចជាទឹកសម្លាប់មេរោគម៉ាក Ebiodis ឧបករណ៍បាញ់ស្វ័យប្រវត្តិលើតុ និងឧបករណ៍បាញ់ស្វ័យប្រវត្តិព្យួរជញ្ចាំង ពីក្រុមហ៊ុន Leisure Asia Corporation សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងការចូលរួមបង្ការទប់ស្កាត់មេរោគផ្សេងៗ ពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។

ការទទួលសម្ភារបរិក្ខារខាងលើនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី ហេង ពិសី អគ្គនាយិកា និងលោក Ivan Yanushkevich អ្នកជំនាញការផលិតកម្មនៃក្រុមហ៊ុន Leisure Asia Corporation នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

លោករដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរដល់ក្រុមហ៊ុន ដែលបានផលិតទឹកសម្លាប់មេរោគ ប្រកបដោយគុណភាពនៅកម្ពុជា ដែលជាការចូលរួមចំណែកដល់ការការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺ និងមេរោគនានា។

លោកស្រី ហេង ពិសី បានសម្តែងនូវការថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តី ថោង ខុន ចំពោះការគាំទ្រដល់ផលិតផលរបស់ក្រុមហ៊ុន ដែលលោកតែងតែគិតគូរដល់ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។

នាឱកាសនោះ ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភដល់ក្រសួងទេសចរណ៍នូវទឹកសម្លាប់មេរោគម៉ាក Ebiodis ចំណុះ ៣០ លីត្រ ៥ លីត្រ ១ លីត្រ ៥០០ មីលីលីត្រ និង ១០០ មីលីលីត្រ ព្រមទាំងឧបករណ៍បាញ់ស្វ័យប្រវត្តិលើតុ និងឧបករណ៍បាញ់ស្វ័យប្រវត្តិព្យួរជញ្ចាំង ដើម្បីប្រើប្រាស់តាមការចាំបាច់ក្នុងការចូលរួមបង្ការទប់ស្កាត់មេរោគផ្សេងៗ ពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។

លោក Ivan Yanushkevich បានបញ្ចាក់ថា ទឹកសម្លាប់មេរោគម៉ាក Ebiodis ត្រូវបានផលិតឡើងដោយក្រុមអ្នកជំនាញកម្ពុជា-រុស្ស៉ី ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសរុស្ស៉ី ជាផលិតផលធម្មជាតិ (Organic) ងាយស្រួលប្រើ គ្មានសារធាតុអាល់កុល មិនប៉ះពាល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ និងអាចសម្លាប់មេរោគបានរហូតដល់ ៩៩.៩៩% ក្នុងរយៈពេលពី ២០-៣០ វិនាទី អាចប្រើប្រាស់សម្លាប់មេរោគ និងបំបាត់ក្លិនដោយបាញ់លើដៃ ជើង ម៉ាស់ ស្បែកជើង សម្លៀកបំពាក់ សម្ភារប្រើប្រាស់របស់ក្មេងលេងនៅក្នុងផ្ទះ តាមរោងកុន កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន សណ្ឋាគារ និងសម្ភារនៅតាមទីតាំងផ្សេងៗទៀត រួមទាំងកសិដ្ឋានចិញ្ចឹមសត្វផងដែរ។

គួរបញ្ចាក់ថា ដើម្បីចូលរួមក្នុងការបង្ការនៃការរីករាលដាលជំងឺកូវីដ១៩ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ក្រសួងទេសចរណ៍បានដាក់ចេញ នូវវិធានសុវត្តិភាពទេសចរណ៍ចំនួន ៧ រួមមាន៖
១៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់សេវាស្នាក់នៅទេសចរណ៍
២៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
៣៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់រមណីដ្ឋានទេសចរណ៍
៤៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់ដឹកជញ្ចូនទេសចរណ៍ផ្លូវគោក
៥៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់ដឹកជញ្ចូនទេសចរណ៍ផ្លូវទឹក
៦៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់ការីទេសចរណ៍ក្នុងស្រុក
៧៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់មគ្គុទេសក៍ និងអ្នកបកប្រែបន្ត៕