(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីរដ្ឋបរិស្ថាន បានលើកទឹកចិត្តដល់កសិករនៅក្នុងតំបន់ការពារធម្មជាតិ ឱ្យចូលរួមអនុវត្តគម្រោងអង្ករមិត្តភាពសង្គ្រោះសត្វព្រៃ ឱ្យបានកាន់តែសកម្មថែមទៀត។ លោកក៏បានស្នើឱ្យអង្គការ WCS និងអង្គការ SMP ពង្រីកគម្រោងនេះទៅកាន់តំបន់ផ្សេងៗទៀត និងសំណូមពរឱ្យ ប្រជាពលរដ្ឋកម្ពុជា នៅក្នុងប្រទេសជួយគាំទ្រដល់អង្ករមិត្តភាពសង្គ្រោះសត្វព្រៃនេះ។

ការជំរុញបែបនេះ របស់លោករដ្ឋមន្ត្រីបរិស្ថាន បានធ្វើឡើងក្នុងឱកាសដែលលោក ព្រមទាំងថ្នាក់ដឹកនាំក្រសួង អញ្ជើញជាអធិបតីភាពសម្ពោធជាផ្លូវការក្រុម អាយប៊ីសរ៉ាយស៍ ខន់សេវេសិន ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ និងពិនិត្យមើលខ្សែសង្វាក់វេចខ្ចប់អង្គការមិត្តភាពសង្គ្រោះសត្វព្រៃរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ត្រូវបានបង្កើតឡើងដោយអង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS) និងបានដាក់ឈ្មោះ តាមសត្វត្រយងយក្ស (ចាយអិន អាយប៊ីស- Giant Ibis) ដែលជាបក្សីជាតិតំណាងឱ្យប្រទេសកម្ពុជា។

ក្រុមហ៊ុន អាយប៊ីសរ៉ាយស៍ ត្រូវបានបង្កើតឡើងដោយអង្គការសមាគមន៍អភិរក្សសត្វព្រៃក្នុងឆ្នាំ២០១៧ ដើម្បីបំពេញសក្តានុពលនៃផលិតផលនេះ និងបង្កើនការផលិត។

បច្ចុប្បន្ន ក្រុមហ៊ុន អាយប៊ីសរ៉ាយស៍ ធ្វើការជាមួយកសិករសង្គ្រោះ សត្វព្រៃចំនួន៥០០គ្រួសារ ដោយផ្តល់នូវតម្លៃលក់ទិញចេញខ្ពស់ជាងតម្លៃទីផ្សារ ១៥០ភាគរយខ្ពស់ជាងតម្លៃទីផ្សារ សម្រាប់ស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃពូជផ្ការំដួល។ កសិករបានប្តេជ្ញាមិនកាប់ឈើ មិនបរបាញ់សត្វព្រៃ ឬប្រើប្រាស់សារធាតុគីមីពុល ដើម្បីចូលរួមការពារតំបន់ការពារ និងប្រភេទកម្រនៅក្នុងតំបន់នេះ។

លោក សាយ សំអាល់ បានថ្លែងយ៉ាងដូច្នេះថា៖ «ផលិតផលដែលផលិតឡើងដោយគិតគូរដល់ការអភិរក្សសត្វព្រៃផង និងផ្អែកលើគោលការណ៍សរីរាង្គផង គឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការទទួលបាននូវតម្លៃទីផ្សារខ្ពស់ ហើយយើងគួរតែទិញផលិតផលទាំងនេះពីកសិករដែលបានអនុវត្តគម្រោងនេះក្នុងតម្លៃខ្ពស់។ យើងមានផែនការគាំទ្រឱ្យគម្រោងនេះឱ្យដំណើរការទៅមុខបានល្អ»

លោករដ្ឋមន្ត្រីរដ្ឋបរិស្ថាន បានបន្ថែមថា «ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់កសិករនៅក្នុងតំបន់ការពារធម្មជាតិឱ្យចូលរួមអនុវត្តគម្រោងនេះឱ្យបានកាន់តែសកម្មថែមទៀត។ លោកក៏បានស្នើឱ្យអង្គការ WCS និងអង្គការ SMP ពង្រីកគម្រោងនេះទៅកាន់តំបន់ផ្សេងៗទៀត និងសំណូមពរឱ្យអតិថិជន និងប្រជាពលរដ្ឋកម្ពុជា នៅក្នុងប្រទេសជួយគាំទ្រដល់អង្ករមិត្តភាពសង្គ្រោះសត្វព្រៃនេះ»

ដោយឡែកលោក នីក ស្ពេនស័រ (Nick Spencer) នាយកក្រុមហ៊ុន អាយប៊ីសរ៉ាយស៍ បានថ្លែងយ៉ាងដូច្នេះថា៖ «អតិថិជនគាំទ្រ និងឱ្យតម្លៃលើផលិតផល និងគុណភាពអង្ករមិត្តភាពសង្គ្រោះសត្វព្រៃរបស់យើងដោយសារអង្ករនេះផលិតតាមគោលការណ៍សរីរាង្គ។ ក៏ប៉ុន្តែ មូលហេតុចម្បងដែលនាំឱ្យអតិថិជនទិញអង្កររបស់យើង គឺដោយសារអង្ករនេះបានផ្សាភ្ជាប់ទៅនឹងការអភិរក្ស និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាកសិករ។

ការផ្គត់ផ្គង់នូវផលិតផលមួយជូនអតិថិជនដែលគេអាចជឿទុកចិត្តបានយើងមានគោលការណ៍អនុវត្តតឹងរឹងដែលក្រុមកសិករគោលដៅត្រូវតែគោរព និងអនុវត្តតាមហើយជាលទ្ធផលធុរកិច្ច របស់យើងអាចផ្តល់តម្លៃនោះត្រឡប់ទៅកសិករវិញបាន។ ក៏ប៉ុន្តែ មានសម្ពាធ និងហានិភ័យជាច្រើនកើតមានចំពោះការ ធ្វើកសិកម្មតាមវិធីនេះ នៅពេលដែលដីព្រៃ ត្រូវបានគេកាប់រាន និងថ្នាំគីមីពុលត្រូវបានមនុស្សចំណូលថ្មីនៅក្នុងសហគមន៍ប្រើប្រាស់។ យើងខ្ញុំសង្ឃឹមថានឹងបានធ្វើការកាន់តែជិតស្និទ្ធជាងនេះទៀតជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានដើម្បីការពារ និងពង្រីកនូវកាលនុវត្តភាពដែលមានសក្តានុពលពិតប្រាកដ»។

បើតាមលោក កែន សេរីរដ្ឋា នាយកអង្គការសមាគអភិរក្សសត្វព្រៃកម្ពុជា បានគូសបញ្ជាក់ថា៖ «ការសម្រេចបានលើការងារអភិរក្សតម្រូវឱ្យយើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃ ដើម្បីធានាថាគោលបំណងរបស់ពួកគាត់ត្រូវបានឆ្លើយតប ស្របពេលដែលទីជម្រកសត្វព្រៃនៅជុំវិញតំបន់ដែលប្រជាសហគមន៍រស់នៅត្រូវបានការពារផងដែរ។ គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃអាចជាឧត្តមានុវត្តមួយដែលមានការទទួលស្គាល់ជាសកល»

សូមជម្រាបថា សត្វត្រយងយក្ស គឺប្រភេទបក្សីដែលមានមាឌធំជាងគេបំផុតនៅលើពិភពលោក ហើយដោយសារតែសត្វនេះជាប្រភេទបក្សីកម្រ បានធ្វើឱ្យអ្នកចូលចិត្តទស្សនាសត្វស្លាប និងក្រុមអ្នកអភិរក្សគិតថាប្រភេទនេះស្ទើរតែលែងមានវត្តមាននៅលើពិភពលោកនេះទៅហើយ។

ត្រយងយក្ស ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុត ជាពិសេសដោយសារឥទ្ធិពល នៃការរំខានរបស់មនុស្សនិងការបរបាញ់។ សត្វត្រយងយក្សដែលនៅសេសសល់បានប្រមូលផ្តុំគ្នាទៅរស់នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០០៩ អង្គការ WCS ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគម្រោងស្រូវ អាប៊ីស ដែលជាវិធីសាស្ត្រមួយជួយគាំទ្រដល់ការ អភិរក្សប្រភេទនេះ។

គម្រោងនេះមានគោលបំណងលើក ទឹកចិត្តដល់សហគមន៍មូលដ្ឋានឱ្យចូលរួមអភិរក្ស តាមរយៈការទិញស្រូវសរីរាង្គពូជផ្ការំដួលក្នុងតម្លៃមួយខ្ពស់បំផុតពីក្រុមកសិករ ផលិតដែលបានប្តេជ្ញាចិត្តចូលរួមការពារព្រៃឈើ និងឈប់បរបាញ់សត្វព្រៃ។

គម្រោងនេះបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមកសិករគោលដៅស្របពេលជាមួយគ្នាដែរ គឺដោះស្រាយកត្តាគំរាមកំហែងចំបងៗចំពោះប្រភេទជិតផុតពូជបំផុត រួមទាំងសត្វត្រយងយក្ស និងការគំរាមកំហែងដល់ទីជម្រករបស់វាតាមរយៈការកាប់រានដីព្រៃ និងតំបន់ដីសើម យកធ្វើជាស្រែសម្រាប់ដាំស្រូវ។

អង្ករនេះ ត្រូវបានទទួលស្គាល់ថាជាប្រភេទអង្ករសរីរាង្គ និងរួមចំណែកក្នុងការសង្គ្រោះសត្វព្រៃតាមស្តង់ដាទីផ្សារសហភាពអឺរ៉ុប និងក្រសួងកសិកម្មអាមេរិក។ បច្ចុប្បន្ន អង្ករនេះមានលក់នៅលើទីផ្សារពិភពលោកក្នុងតម្លៃខ្ពស់ រួមទាំងទីផ្សារនៅអឺរ៉ុប និងប្រទេសកាណាដាផងដែរ។ គម្រោងនេះបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កសិករគោលដៅ ព្រមទាំងបានជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើបាន ៧៥ភាគរយ នៅក្នុងតំបន់នានាដែលកសិកររស់នៅ និងដាំដុះដំណាំ។

គុណភាពអង្ករផ្ការំដួល និងដំណើររឿងដែលកើតឡើងព្រមគ្នា មានន័យថាបរិមាណតម្រូវការអង្ករអាប៊ីស នៅលើទីផ្សារអន្តរជាតិលើសបរិមាណផ្គត់ផ្គង់។ ដោយសារក្រុមហ៊ុន អាយប៊ីស ជ្រើសរើស និងបណ្តុះបណ្តាលកសិករបន្ថែមទៀត ដូច្នេះ ក្រុមហ៊ុនត្រូវការទុនបង្វិលបន្ថែមទៀត ដើម្បីបង្កើនបរិមាណនៃការទិញស្រូវឱ្យបានច្រើនជាងនេះទៀត៕