(ភ្នំពេញ)៖ បុរសជាកូនមិនដើរតាមគន្លងធម៌ចិត្តខ្មៅម្នាក់ បានសងគុណអ្នកម្តាយរបស់ខ្លួន ដោយប្រើហិង្សា វាយម្ដាយខ្លួនឯងទាល់តែសន្លប់ ព្រមទាំងវាយបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិផ្សេងៗ នៅក្នុងផ្ទះ​យ៉ាងច្រើនទៀតផង ប៉ុន្តែលទ្ធផលត្រូវជាប់ខ្នោះរបស់នគរបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅចំណុចផ្ទះលេខ២៤៨១ ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិក សង្កាត់ច្រាំង​ចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក អ៉ីវ ឈុនភេង អធិការរងនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា បុរសជាកូនឈ្មោះ ឯក វ៉ាន់ដា អាយុ ៣១ឆ្នាំ ចំណែកម្តាយនិងជាជនរងគ្រោះឈ្មោះ ឈឹម សារឿន អាយុ ៦៧ឆ្នាំ ស្នាក់នៅចំណុច​កើតហេតុ ខាងលើ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរដោយជាំភ្នែក បែកចិញ្ចើម ហូរឈាមដេរជិត១០ថ្នេរ ។

ក្រុមគ្រួសារជនរងគ្រោះបានបង្ហើបថា ការបោក វាយកម្ទេចកម្ទី និងវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិផ្សេងៗនៅក្នុងផ្ទះ ព្រមទាំងការជេរប្រមាថអ្នកផ្ទះ​បានក្លាយទៅ​ជាប្រពៃណីរបស់​ជនសង្ស័យរូបនេះ​ទៅហើយ ។

សូមបញ្ជាក់ថា បុរសជាកូននិងជាជនដៃដល់បាន និងកំពុងឃុំខ្លួនបណ្ដោះអាសន្ន​នៅអធិការដ្ឋាននគរបាល​ខណ្ឌឫស្សីកែវ​ដើម្បីរៀបចំ កសាងសំណុំរឿងបញ្ជូន​ខ្លួនទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញ​ ចាត់ការតាមច្បាប់​ដោយចោទប្រកាន់​ពីបទហិង្សាដោយចេតនា  ៕