(ភ្នំពេញ)៖ ការចាប់ត្រីនៅតាមដាយ ក៏ដូចជាការនេសាទត្រីនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅរដូវត្រីចុះពីបឹងទន្លេសាបនៅឆ្នាំ២០២០នេះ មានការថយចុះចន្លោះពី១៣ភាគរយ ទៅ៣០ភាគរយ។ បើទោះបីផលត្រីនៅឆ្នាំនេះមានការថយចុះយ៉ាងណាក្តី តែការធ្វើត្រីប្រហុករំពឹងថា មិនប៉ះពាល់ទេ គ្រាន់តែតម្លៃត្រីថ្លៃជាងឆ្នាំកន្លងទៅ ដោយមួយគីឡូទាបបំផុតតម្លៃប្រមាណ ៥,០០០រៀល។

ក្នុងកំលុងខែធ្នូ ជារៀងរាល់ឆ្នាំជាពេលវេលាមួយ ដែលត្រីចាប់ផ្តើមចេញពីបឹងទន្លេសាប ចុះមកតាមដងទន្លេសាប និងទៅតាមតំបន់ដទៃទៀត។ ក្នុងកំលុងពេលនេះ ក៏ជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរចាប់ផ្តើមនាំគ្នាគិតគូរ ពីការប្រមូលទិញត្រីធ្វើប្រហុកផ្អកទុកគ្រាន់បរិភោគផងដែរ។

សម្រាប់ឆ្នាំ២០២០នេះ រដ្ឋបាលជលផលបានជូនដំណឹងថា ការត្រីចាប់ផ្តើមចុះខ្លាំងពីបឹងទន្លេសាបនៅក្នុងចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែធ្នូ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលនិយមធ្វើប្រហុកផ្អក ត្រៀមលក្ខណៈសម្បត្តិក្នុងការទិញត្រី ដើម្បីធ្វើប្រហុកផ្អកផងដែរ។

នៅប្របច្រាំងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកពញាឭ ខេត្តកណ្តាល ជាទីតាំងមួយដែលប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា មានខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំងជាដើម តែងនាំគ្នាទៅប្រមូលផ្តុំទិញត្រីសម្រាប់ធ្វើប្រហុកផ្អកទុកបរិភោគ។

នៅឆ្នាំនេះក៏ដូចគ្នាប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា បានទៅប្រមូលផ្តុំគ្នាក្នុងការទិញត្រីធ្វើប្រហុកផ្អក។ ទិដ្ឋភាពនៅកន្លែងប្រមូលផ្តុំធ្វើប្រហុកផ្អកនេះ ប្រជាពលរដ្ឋមួយចំនួនមិនអាចទិញត្រីធ្វើប្រហុកផ្អក តាមការគ្រោងទុករបស់គាត់នោះឡើយ។ មិនបានដូចការគ្រោងទុកដោយសារត្រីមិនសូវសម្បូរដូចរាល់ឆ្នាំ ហើយមានតម្លៃផងដែរ។

ក្នុងដំណើរចុះពិនិត្យការធ្វើប្រហុកផ្អក និងការចាប់ត្រីធ្វើប្រហុកផ្អកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការប្រមូលផលត្រីសម្រាប់ធ្វើប្រហុកផ្អកនៅឆ្នាំនេះ មានការថយចុះប្រមាណពី១៣ភាគរយ រហូតទៅដល់ ៣០ភាគរយ។

បើតាមលោករដ្ឋមន្ត្រី ការប្រមូលផលត្រីសម្រាប់ធ្វើប្រហុកផ្អកនេះ មានការថយចុះពី ១៤,៣២០តោននៅឆ្នាំ២០១៩ មកនៅត្រឹម ៩,៩០០តោននាឆ្នាំ២០២០នេះ។

លោករដ្ឋមន្ត្រី វេង សាខុន បានអះអាងថា ការធ្លាក់ចុះទិន្នផលត្រីទឹកសាបនេះ ដោយសារតែបម្រែបម្រួលកម្រិតទឹកនៅក្នុងរដូវវស្សាឆ្នាំនេះ មានកម្រិតទាបដែលមិនអំណោយផលដល់ត្រីក្នុងការបង្កបង្កើនកូន។

បើទោះបីថាត្រីសម្រាប់ធ្វើប្រហុកផ្អកនៅឆ្នាំថមថយចុះយ៉ាងណាក្តី តែលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មិនប៉ះពាល់ដល់ការធ្វើប្រហុកផ្អកនោះទេ គឺនៅតែមានបរិមាណគ្រប់គ្រាន់។ លោករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីរំពឹងថា តម្លៃត្រីនឹងមានការធ្លាក់ចុះផងដែរ នៅពេលត្រីចុះកាន់តែខ្លាំង។

លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅធ្វើផ្អក និងប្រហុកឲ្យបានច្រើននៅខ្នើតនេះ និងខ្នើតបន្ទាប់ ក្នុងអំឡុងខែមករា ឆ្នាំ២០២១។

ក្នុងឱកាសនេះលោករដ្ឋមន្ត្រីកសិកម្ម បានគូសបញ្ជាក់ដែរថា បើទោះបីឆ្នាំនេះត្រីធម្មជាតិទឹកសាបមានការថមថយ តែមិនចោទជាបញ្ហាខ្វះខាតត្រីសម្រាប់ពលរដ្ឋបរិភោគនោះទេ។ ការមិនខ្វះខាតនេះ ដោយសារតែបរិមាណនៃការចិញ្ចឹមត្រីបានកើនខ្ពស់រហូតដល់ប្រមាណ ៣០ភាគរយ ដែលអាចចូលមកបំពេញតម្រូវការបរិភោគរបស់ប្រជាពលរដ្ឋ។

ផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦,៥០០តោន ហើយឆ្នាំ២០២០ មានចំនួនប្រមាណតែ ២៦៨,០០០តោនប៉ុណ្ណោះ។ ប៉ុន្តែផលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០៧,៤០៨តោន និងឆ្នាំ២០២០នេះអាចទទួលបានចំនួន ៤០០,៤០០តោន។

លោក វេង សាខុន បានលើកឡើងថា តួលេខនេះ បានបញ្ចាក់យ៉ាងច្បាស់ថា អនុវិស័យវារីវប្បកម្ម បាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ៗក្នុងការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ជំនួសឲ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ ស្របតាមបំណងប្រាថ្នារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញផែនការជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រី៕