(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានស្នើឱ្យអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម កុំយកខ្លឹមសាររបស់លោកស្រី ដែលជូនដំណឹងអំពីផលប៉ះពាល់ចំពោះសុខភាព ដែលបណ្តាលមកពីការបាញ់សារធាតុ ឬទឹកសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្សនោះ ទៅបន្ថែមបន្ថយ នាឱ្យមានការយល់ច្រឡំ។ ជាមួយគ្នានេះ លោកស្រី បានធ្វើការបំភ្លឺចំនួន៥ចំណុចទៀត ដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីរឿងនេះ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់តាមបណ្តាញសង្គមថា «ខ្ញុំសង្កេតឃេីញ មានការយកអត្ថបទដែលខ្ញុំបានបកប្រែក្រៅផ្លូវការ ប្រេីប្រាស់ខ្ញុំសូមអរគុណច្រេីន តែក៏ស្នេីសុំមេត្តាកុំយកទៅបន្ថែមបន្ថយអំបិល ប៊ីចេង ឬស្ករអីណា ដែលហួសពីខ្លឹមសារដែលបានចែកជូនសម្រាប់ជាការយល់ដឹង ដេីម្បីមានការប្រុងប្រយ័ត្ន រៀងៗខ្លួន»

ចំពោះករណីនេះ លោកស្រីបានបំភ្លឺដូចតទៅ៖

«១៖ ការលាងដៃដោយអាល់កុល ឬជែល ផលិតត្រឹមត្រូវតាមបច្ចេកទេស មិនប៉ះពាល់សុខភាពទេ ព្រោះវាបានជួយសម្អាតបាតដៃយេីង មិនដូចនឹងការបាញ់លេីដងខ្លួនឡេីយ ហេីយក៏ការបាញ់មួយភ្លែតលេីដងខ្លួននោះ ក៏មិនបានជួយអ្វីឡេីយ។ នៅអត្ថបទដែលខ្ញុំបានបកប្រែមិនផ្លូវការនោះ ខ្ញុំបានដាក់ច្បាស់ហេីយដែរលេីការលាងដៃនេះ។

២៖ អាស្រ័យលេីការសម្រេចរបស់សាមីខ្លួន ឬស្ថាប័ន លេីការអនុវត្តន៍ ខ្ញុំគ្រាន់តែចែករំលែកនូវការយល់ដឹងលេីសារប្រយោជន៍នៃការប្រេីប្រាស់ទឹកសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ឬអាល់កុលតែប៉ុណ្ណោះ។ យេីងអាចគិតមេីលបានថា យេីងលាងដៃ យេីងមានរយ:ពេល និងមានការដុះលេីដៃត្រឹមត្រូវ ចុះបេីគ្រាន់តែដេីរបង្វិលមួយភ្លែត អាចសម្លាប់មេរោគបានដែរទេ? ម្យ៉ាងទៀត ពេលទឹកអាល់កុល បាញ់ចេញមក អ្នកមិនបានប្រុងប្រយ័ត្ន នឹងអាចចូលភ្នែក ដែលអាចឲ្យមានបញ្ហាភ្នែក ឬប៉ះមាត់ ច្រឡំលេបចូល (ក្មេងៗ) ឬក៏អាចប៉ះផ្លូវដង្ហេីមដោយការស្រូបចូលដោយមិនដឹងខ្លួន ក៏អាចមានបញ្ហាអ្វីមួយក៏អាចថាបានដែរ។

៣៖ ការបាញ់លេីសម្លៀកបំពាក់ ឬស្បែកជេីង ឬរបស់ប្រេីប្រាស់ ដេីម្បីសម្លាប់មេរោគ ជាការល្អ មិនជាបញ្ហាអ្វីទេ សូមតែចៀសវាងការបាញ់ផ្ទាល់លេីដងខ្លួនប្រាណ និងការប៉ះពាល់ដល់ភ្នែក ឬអាចចូលមាត់ និងការស្រូបចូលផ្លូវដង្ហេីមដោយភ្លេចខ្លួន ឬដោយប្រការណាមួយ ដែលអាចមានផលប៉ះពាល់ដល់សុខភាព។

៤៖ សូមស្វែងយល់ទាំងអស់គ្នាលេីចំណុចនេះ ព្រោះ WHO គេមិនដែលបានណែនាំឲ្យធ្វេីបែបបាញ់ លេីខ្លួនប្រាណនោះឡេីយ។

៥៖ ក្រសួងសុខាភិបាល តាំងពីខែមករា ឆ្នាំ២០២០មក ក៏មិនដែលបានណែនាំឲ្យមានការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សដែរណា (សូមពិនិត្យមេីលការណែនាំកន្លងមករបស់ក្រសួង) ។ ដូច្នេះ ខ្ញុំគ្រាន់តែចែករំលែកនូវចំណេះដឹងលេីបញ្ហានេះ ដោយខ្ញុំមិនបានលេីកពីការហាមឃាត់ ហេីយក៏ជាគោលការណ៌ស្ម័គ្រចិត្តក្នុងការអនុវត្តន៌នាពេលកន្លងមកក្នុងការប្រេីប្រាស់ម៉ាស៊ីនបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សនេះដែរ ព្រោះក្រសួង មិនដែលបានណែនាំឲ្យធ្វេីការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សដែរក្នុងពេលកន្លងមកនេះ ហេីយខ្ញុំគ្រាន់តែស្នេីសុំឲ្យមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះឯង»

សូមបញ្ជាក់ថា មុននឹងមានការបំភ្លឺ៥ចំណុចនេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការបាញ់សារធាតុ ឬទឹកសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្សមិនអាចជួយ ប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបានថែមទៀត លើកលែងតែការលាងសំអាតដៃ ដោយសាប៊ូ ជាមួយទឹកស្អាត ឬអាល់កុល ឬជែលដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩។

ការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន គឺយោងតាមការពន្យល់ណែនាំរបស់ អង្គការសុខភាពពិភពលោក តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដែលបានបង្ហាញថា ការបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ លើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួនលោកអ្នកប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពលោកអ្នក៕