(ស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ និងកម្លាំងឧទ្យានុរក្សប្រចាំស្នាក់ការរ៉ាមសារ ស្រុកបុរីអូរស្វាយសែនជ័យ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានដេញបង្ក្រាបសង្ស័យម្នាក់ ដោយដកហូតបានគ្រឿងញៀនមួយចំនួនធំ ដាវសាំម៉ូរ៉ៃ២ដើម កាំបិត១ដើម នៅភូមិអូរស្វាយ ឃុំអូរស្វាយ។

លោកវរសេនីយ៍ឯក ផៃ រស្មី ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថង វ៉ន អាយុ៣២ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ។ កម្លាំងនគរបាល បានដកហូតវត្ថុតាងគ្រឿងញៀន៣កញ្ចប់ ជាប្រភេទមេ តំហ្វេតាមីន wy ជិត ៦០០គ្រាប់ មានទម្ងន់ ៦៣.៧៦ក្រាម រួមនឹងដាវសាំម៉ូរ៉ៃ២ដើម និងកាំបិត១ដើម។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់៕