(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានឯកភាពផ្តល់ថវិកាសរុប ២៨៨,៤៧៣ដុល្លារអាមេរិក ដល់អង្គភាពចំនួន៣ របស់កម្ពុជា សម្រាប់គម្រោងជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។

ពិធីចុះកិច្ចសន្យាផ្តល់ជំនួយនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំង៣។

គម្រោងបែបផ្ដល់ជំនួយ ដោយរដ្ឋាភិបាលជប៉ុននេះរួមមាន៖

*ទី១៖ គម្រោងបំពាក់ឧបករណ៍ពេទ្យនៅមន្ទីរពេទ្យបង្អែកអង្គរបូរី ខេត្តតាកែវ (ថវិកាចំនួន ៨៧,៩០០ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ ការិយាល័យស្រុកប្រតិបត្តិព្រៃកប្បាស។

ក្នុងគម្រោងនេះ ម៉ាស៊ីនកាំរស្មីអ៉ិច ១គ្រឿង ម៉ាស៊ីនថតឆ្លុះអេកូ ១គ្រឿង និងម៉ាស៊ីនភ្លើង ១គ្រឿងនឹងត្រូវបានបំពាក់នៅមន្ទីរពេទ្យបង្អែកអង្គរបូរី ខេត្តតាកែវ។ បច្ចុប្បន្នមន្ទីរពេទ្យ គឺមិនមានលទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យ អ្នកជំងឺរបស់ពួកគេឱ្យបានគ្រប់គ្រាន់ដោយសារតែកង្វះខាតឧបករណ៍។ តាមរយៈគម្រោងនេះ អ្នកជំងឺប្រមាណ១,៥០០នាក់ នឹងទទួលបានសេវាវេជ្ជសាស្ត្រដែលមានភាពប្រសើរឡើងជារៀងរាល់ឆ្នាំ។

*ទី២៖ គម្រោងបំពាក់ឧបករណ៍បោះពុម្ពអក្សរប្រៃយ៍នៅសាលាពិសេសនា រាជធានីភ្នំពេញ និងខេត្តចំនួន៣ (ថវិកាចំនួន ៩៦,៧២៦ដុល្លារ) អង្គភាពទទួលជំនួយ៖ អង្គការគ្រួសារថ្មី។

ក្នុងគម្រោងនេះម៉ាស៊ីនបោះពុម្ពអក្សរប្រៃយ៍ចំនួន៤ និងឧបករណ៍ថតសម្លេងចំនួន៤ នឹងត្រូវបានតម្លើងនៅសាលាពិសេស នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តសៀមរាប និង ខេត្តបាត់ដំបង។ គម្រោងនេះត្រូវបានរំពឹងថានឹងជួយដល់សិស្ស និងគ្រូជាង ២១០នាក់ តាមរយៈការកែលម្អបរិយាកាសសិក្សា។

*ទី៣៖ គម្រោងតម្លើងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យការស្តាប់ឮ និងពង្រឹងសេវាព្យាបាលការទំនាក់ទំនង សម្រាប់កុមារ នៅភ្នំពេញ និងខេត្តទាំង៦ (ថវិកាចំនួន ១០៣,៨៤៧ ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការសុខភាពត្រចៀកនៅកម្ពុជា។

ក្នុងគម្រោងនេះឧបករណ៍វេជ្ជសាស្ត្រដូចជា៖ ឧបករណ៍ប្រព័ន្ធវាស់ស្ទង់កម្រិតសម្លេងក្នុងរន្ធត្រចៀក និងប្រព័ន្ធកំណត់ពាក្យនិយាយចំនួនមួយប្រព័ន្ធអូតូស្កុបចំនួនមួយឧបករណ៍វាស់ចលនាក្រដាសត្រចៀកចំនួនមួយ ឧបករណ៍វាស់កម្រិតសម្លេងសុទ្ធ និងវាស់កម្រិតពាក្យនិយាយចំនួនពីរ និងឧបករណ៍វិភាគសំពាធខ្យល់ និងចលនាឆ្អឹងក្នុងត្រចៀកកណ្តាលចំនួនមួយដែលនឹងត្រូវបានផ្តល់ជូនអង្គការសុខភាពត្រចៀកនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការធ្វើរោគវិនិច្ឆ័យ និងការស្តារនីតិសម្បទា។ អង្គការបាន និងកំពុងផ្តល់សេវាកម្មរបស់ខ្លួនដល់ប្រជាជនដែលមានបញ្ហាត្រចៀក។ តាមរយៈគម្រោងនេះអ្នកជំងឺជាង ៧,៥០០នាក់ នឹងទទួលបានអត្ថប្រីយោជន៍ពីគុណភាពប្រសើរឡើងនៃសេវាកម្មធ្វើរោគវិនិច្ឆ័យ និងព្យាបាលទំនាក់ទំនង។

ជំនួយទាំងនេះ គឺផ្អែកលើការប្តេជ្ញាចិត្តរបស់សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ នៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២០ ដែលបានថ្លែងថាការអនុវត្តជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើម «គូសាណូណិ» ជាមេគង្គុសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានទឹកប្រាក់សរុប ៩១លានដុល្លារអាមេរិក ដែលរៀបចំឡើងក្នុងគោលបំណងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅតាមភូមិស្រុក ថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ។

ជំនួយឥតសំណង «គូសាណូណិ» របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍនិងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦២លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៣៨គម្រោង នៅទូទាំងប្រទេសកម្ពុជា៕