(ភ្នំពេញ)៖ រថយន្តក្រឡុកស៊ីម៉ង់ត៍១គ្រឿង កំពុងបើកបរសុខៗក៏បានរេចង្កូតធ្លាក់ពីលើផ្លូចូលទៅក្នុងស្រែ ក្រឡាប់ផ្ងាជើងដោយមិនដឹងមូលហេតុ ប៉ុន្តែជាសំណាងល្អ មិនបណ្ដាលឲ្យអ្នកបើកបរ ឬអ្នកផ្សេងណាម្នាក់រងរបួសឡើយ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១៖៣០នាទីថ្ងៃត្រង់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ នៅតាមផ្លូវបេតុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលក្រឡាប់នេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ 5A-2971 បើកបរដោយបុរសម្នាក់។ នៅមុនពេលកើតហេតុរថយន្តនេះ បានបើកបរធ្វើដំណើរតាមផ្លូវបេតុងខាងលើពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង លុះពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលធ្លាក់ផ្លូវ រួចក៏ក្រឡាប់ចូលក្នុងស្រែទាំងកម្រោល ដោយមិនថាអ្នកបើកបរមានឧបសគ្គអ្វីឡើយ។

ខណៈនោះសំណាងល្អដែលពុំបានបណ្ដាលឲ្យអ្នកបើកបរនោះ ឬអ្នកផ្សេងណាម្នាក់រងរបួសឡើយ ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍កំបូល បានចុះទៅកាន់កន្លែងកើតុហេតុភ្លាមៗ ហើយក្រុមហ៊ុនក៏បានស្ទូចរថយន្តនោះ ចេញពីកន្លែងកើតហេតុដោយខ្លួនឯង៕