(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការបាញ់សារធាតុ ឬទឹកសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្សមិនអាចជួយ ប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបានថែមទៀត លើកលែងតែការលាងសំអាតដៃ ដោយសាប៊ូ ជាមួយទឹកស្អាត ឬអាល់កុល ឬជែលដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩។

ការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន គឺយោងតាមការពន្យល់ណែនាំរបស់ អង្គការសុខភាពពិភពលោក តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដែលបានបង្ហាញថា ការបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ លើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួនលោកអ្នកប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពលោកអ្នក។

ក្នុងសេចក្តីប្រកាសរបស់ លោកស្រី ឱ វណ្ណឌីន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា អង្គការសុខភាពពិភពលោកបានបញ្ជាក់ដែរថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ឬសារធាតុសម្លាប់មេរោគ ទៅលើខ្លួនមនុស្ស នៅក្នុងគ្រប់កាលៈទេសៈ។ លោកស្រីបញ្ជាក់បន្ថែមថា សារធាតុទាំងនេះអាចធ្វើឲ្យពុល ប្រសិនបើប៉ះមាត់ហើយលេបចូលទៅអាចធ្វើឲ្យរំខាន រមាស់ ឬរលាកអាល់ឡែកហ្ស៊ីស្បែក ធ្វើឲ្យខូចស្បែក និងភ្នែក របស់មនុស្ស។

បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល, ថ្នាំសម្លាប់មេរោគឬសារធាតុសម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតផ្ទៃទីកន្លែងណាមួយតែប៉ុណ្ណោះ។ ត្រូវចងចាំរក្សាសារធាតុក្លរីន ឬសារធាតុសម្លាប់មេរោគផ្សេងទៀតឲ្យឆ្ងាយ និងផុតពីដៃក្មេងប្រយ័ត្នគ្រោះថ្នាក់។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា អាល់កុល ឬជែល អាចប្រើសម្រាប់សម្អាតដៃរបស់មនុស្សពីភាពកខ្វក់ ដែលមានជាប់មេរោគនៅលើដៃ តែមិនត្រូវប្រើសម្រាប់បាញ់ លើខ្លួនប្រាណឡើយ៕