(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋអ្នកទិញត្រីសម្រាប់ឆ្អើរលក់នៅក្នុងភូមិកណ្ដាល ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃទី៨កើត ខែបុស្សនេះ បានបញ្ជាក់ថា នៅក្នុងថ្ងៃនេះត្រីដែលត្រូវទិញយកមកឆ្អើរលក់ គឺត្រីស្លឹកឬស្សីមានតម្លៃពី ៥,០០០ រៀល ទៅ ៧,០០០រៀល ក្នុងមួយគីឡូក្រាម ដោយត្រីមិនទាន់សម្បូរគឺមានតម្លៃនៅថ្លៃនៅឡើយ។ បើត្រីសម្បូរវិញនោះ ត្រីខាងលើនេះអាចមានតម្លៃត្រឹមពី ៣,០០០ ទៅ ៥,០០០រៀល តែប៉ុណ្ណោះ។

លោកស្រី យឹម សុភាព ដែលជាម្ចាស់រោងឆ្អើរត្រីម្នាក់ បាននិយាយឲ្យដឹងថា នៅក្នុងខ្នើតនេះ អ្នកនៅក្នុងភូមិតែងតែនាំគ្នាទិញត្រីយកមកឆ្អើរទៅ មិនដឹងថានៅពេលឆ្អើរត្រីរួច ដល់ខែរនោចទើបមានម៉ូយនៅភ្នំពេញមកទិញត្រីឆ្អើរ ហើយក៏មិនដឹងថាម៉ូយទិញដុំនោះ ហ៊ានឲ្យតម្លៃត្រីឆ្អើរប៉ុន្មាននោះប៉ុន្មាននោះទេ។ ប៉ុន្តែបើប្រៀបធៀបតម្លៃត្រីឆ្អើរនៅឆ្នាំមុនក្នុងពេលដូចគ្នានេះ គឺត្រីឆ្អើរធុនតូចមួយចង្កាក់ថ្លៃ ១,២០០រៀល ចំណែកត្រីធំមានតម្លៃ ១,៥០០រៀលក្នុងមួយចង្កាក់។

ដោយឡែក ការឆ្អើរត្រីលក់នេះ ក៏ត្រូវជួលកម្មករជាច្រើននាក់ឲ្យជួយដោតត្រីជាចង្កាក់ៗសម្រាប់ឆ្អើរផងដែរ ដែលតម្លៃឈ្នួលដោតត្រីក្នុង ១០០ចង្កាក់ ថ្លៃ៦,០០០រៀល។

ចំណែកលោកស្រី ឃួន ណាវី ដែលជាអ្នកស៉ីឈ្នួលដោតត្រីជាចង្កាក់ៗនោះ បាននិយាយឲ្យដឹងថា សម្រាប់រូបគាត់ ក្នុងមួយថ្ងៃអាចដោតបាន ៧០០ចង្កាក់ ដែលអាចបានកម្រៃ ៤២,០០០រៀលផងដែរ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងគ្រួសាររបស់គាត់។ ប៉ុន្តែសម្រាប់អ្នកខ្លះ ដោតត្រីបានត្រឹមតែពី៤០០ ទៅ៥០០ចង្កាក់តែប៉ុណ្ណោះក្នុង១ថ្ងៃ ទៅតាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួន។ ចំណែកកុមារតូចៗវិញ ក៏អាចដោតត្រីបានក្នុងមួយថ្ងៃពី ២០០ ទៅ៣០០ចង្កាក់ផងដែរ ដើម្បីជួយផ្គត់ផ្គង់ ជីវភាពឪពុកម្ដាយនៅក្នុងក្រុមគ្រួសារ។

ទាក់ទងនឹងមុខរបរឆ្អើរនេះលោកស្រីចៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ប្រជាពលរដ្ឋដែលប្រកបមុខរបរឆ្អើរត្រីនៅក្នុងភូមិកណ្ដាល មានប្រមាណ ១០០គ្រួសារ។ ចំណែកអ្នកស៉ីឈ្នួលដោតត្រីវិញក៏មានរាប់រយនាក់ផងដែរ ក្នុងមួយថ្ងៃៗ ដែលមុខរបរនេះក៏អាចជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃពួកគាត់បានមួយចំណែក។

លោកស្រីចៅសង្កាត់ផ្សារឆ្នាំង បានអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរឆ្អើរត្រី មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង ព្រោះខែនេះជាខែរដូវរំហើយមានខ្យល់ជំនោរធ្លាក់ទាំងយប់ទាំងថ្ងៃ បើមិនប្រុងប្រយ័ត្នទេ អាចនឹងបង្កឡើងនូវគ្រោះអគ្គីភ័យដែលធ្វើឲ្យអន្តរាយដល់ផ្ទះសម្បែង។ លោកថ្លែងថា កន្លងមកអគី្គភ័យ បណ្ដាលមកពីការឆ្អើរត្រីនេះក៏មានឆេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ជាច្រើនខ្នងមកហើយដែរ៕