(សៀមរាប)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ សហការជាមួយផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប និងលោកវរសេនីយ៍ទោនួន សក្តិ ចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ បានធ្វើការឃាត់ជនសង្ស័យ ឈ្មោះ វ៉ាន់ សៀម ហៅវ៉ា អាយុ១៨ឆ្នាំ មុខរបរជាងធ្វើសោយកមកសាកសួរកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធករណីប្រើប្រាស់ម៉ូតូខុសប្រក្រតី និងគ្មានឯកសារសំគាល់យានយន្ត។

ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេបានទិញម៉ូតូមួយគ្រឿងនេះពីឈ្មោះ ឈិត ស៊ីញ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ និងប្តីឈ្មោះ ទេព សាភាព ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និងគោយន្ត រស់នៅភូមិដៃអាវ ឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងតំលៃ៣០០ដុល្លារ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩៖០០នាទីព្រឹក កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប និងកម្លាំងនគរបាលនគរបាលស្រុកវ៉ារិន បានបន្តចុះទៅដល់ផ្ទះរបស់ឈ្មោះ ឈិត ស៊ិញ និងឈ្មោះ ទេព សាភាព ដែលត្រូវជាប្ដីប្រពន្ធ នាំយកមកធ្វើការសាកសួរ។

ជនសង្ស័យ បានសារភាពថា ម៉ូតូមួយគ្រឿងខាងលើនេះ រូបគេពិតជាបានលក់ទៅឲ្យឈ្មោះ វ៉ាន់ សៀម ហៅវ៉ា ពិតប្រាកដមែន ដោយម៉ូតូមួយគ្រឿងនេះ ពួកគេបានទិញពីឈ្មោះ ទី ណាក់ ហៅឡូញ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងឈ្មោះ វឿន លន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នកយកមកលក់ឲ្យខ្លួនដោយគ្មានឯកសារ សម្គាល់យានយន្តទេ គឺរូបខ្លួនបានទិញក្នុងតម្លៃ២០០ដុល្លារ។

ជនសង្ស័យ២នាក់ប្ដីប្រពន្ធរូបនេះ បានឆ្លើយសារភាពបន្ថែមទៀតថា កន្លងមករូបខ្លួនធ្លាប់បានទិញម៉ូតូពីឈ្មោះទី ណាក់ ហៅឡូញ និងឈ្មោះ វឿន លន ចំនួន០៦ គ្រឿងផ្សេងទៀត ដែលមានម៉ាកហុងដាឌ្រីមចំនួន០៥គ្រឿង និងម៉ាក់ស៊ុយស៊ូគីនិចចំនួន០១គ្រឿង ហើយរូបខ្លួនបានលក់ម៉ូតូទាំងនោះ ឲ្យទៅប្រជាពលរដ្ឋ នៅតំបន់នោះ អស់ទៅហើយ ប៉ុន្តែមុនពេលលក់ដូរជនសង្ស័យទាំងពីរនាក់ បានធ្វើការដោះដូរស្លាកលេខម៉ូតូពីម៉ូតូមួយទៅម៉ូតូមួយទៀត ឲ្យខុសទ្រង់ទ្រាយដើមរបស់ម៉ូតូ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ឬប្រជាពលរដ្ឋ មិនអាចមើលដឹងថា ជាម៉ូតូដែលបានមកពីការប្រព្រឹត្តបទល្មើសអំពើលួច។

យោងដោយតាមចម្លើយសារភាពខាងលើ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ និងដកហូតម៉ូតូជាវត្ថុតាង បានចំនួន០៦គ្រឿងមកវិញ មករក្សាទុកដើម្បីបើកការស្រាវជ្រាវ ក្នុងនោះមានម៉ូតូចំនួន៤គ្រឿង មានក្នុងបណ្តឹងរបស់ប្រជាពលរដ្ឋ ជាជនរងគ្រោះ។

បន្ទាប់មកនៅវេលាម៉ោង ១៨៖០០នាទី ថ្ងៃខែល្ងាចឆ្នាំដដែល សមត្ថកិច្ច បានបន្តធ្វើការនាំខ្លួន ជនសង្ស័យឈ្មោះ វឿន លន មកធ្វើការសួរនាំ ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានចូលរួម បើកម៉ូតូឌុបឈ្មោះ ទី ណាក់ ហៅឡូញ ធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋដែលមានចំនួន ដូចខាងលើពិតប្រាកដមែន។

ដោយឡែកជនសង្ស័យឈ្មោះ ទី ណាក់ ហៅឡូញ សព្វថ្ងៃកំពុងជាប់ពន្ធនាគារខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើ លួច (កាច់សោរ.កម៉ូតូ) កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាង ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចំណាត់ការតាមនីតិវិធីនៃច្បាប់៕