(សៀមរាប)៖ ក្រោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តសៀមរាបរួចមក ប្រជាពលរដ្ឋចំនួន ៤០៥ គ្រួសារដែលរស់នៅតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីចំណុចស្ពាននាគរហូតដល់ស្ពានអង្គរ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបនោះ បានស្ម័គ្រចិត្តរុះរើសំណង់ចាស់របស់ខ្លួន និងយល់ព្រមប្ដូរទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំឃុនរាម ស្រុកបន្ទាយស្រីវិញ។

ការស្ម័គ្រចិត្តនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបបានការរៀបចំឱ្យប្រជាពលរដ្ឋ ៤០៥ គ្រួសារខាងលើចូលរួមចាប់ឆ្នោត និងផ្តិតមេដៃឯកភាពទទួលយកដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯក កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ។ តាមគោលការណ៍របស់រដ្ឋបាលខេត្ត ដីដែលផ្ដល់ជូនប្រជាពលរដ្ឋនោះមានទំហំ ២០ ម៉ែត្រគុណនឹង ៣០ ម៉ែត្រ។

ដើម្បីជាកិច្ចសម្របសម្រួលជាមួយប្រជាពលរដ្ឋឱ្យកាន់តែសុក្រឹតត្រឹមត្រូវ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងការរៀបចំដីធ្លីលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋខាងលើ។ ជាមួយគ្នានឹងការចុះពិនិត្យទីតាំងនេះ លោកអភិបាលបានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវធ្វើការបោះបង្គោលព្រំឱ្យបានត្រឹមត្រូវ ប្រព័ន្ធទឹក ភ្លើង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្របទៅតាមតម្រូវរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋមានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះ និងបានថ្លែងអំណរគុណចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្តដែលបានគិតគូរដល់ប្រជាពលរដ្ឋ។

ដោយស្ថានភាពបច្ចុប្បន្នដែលកំពុងធ្វើឱ្យវិបត្តិសេដ្ឋកិច្ចមានការធ្លាក់ចុះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់រដ្ឋបាលខេត្តជួយរ៉ាប់រងក្នុងការរុះរើ និងដឹកជញ្ជូនសំណង់របស់ពួកគាត់មកទីតាំងថ្មីនេះផងដែរ។

សូមជម្រាបថា សម្មភាពទាំងនេះគឺជាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍខេត្តសៀមរាប តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ ខ្សែ និងការស្តារស្ទឹងសៀមរាប ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់សោភ័ណភាព ក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ។ ម៉្យាងទៀត ក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាឱ្យបានច្រើនកុះករបន្ទាប់ពីកូវីដ-១៩ បានចប់ទៅ៕