(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ ICANN (The Internet Corporation for Assigned Names and Numbers) បានរៀបចំសិក្ខាសាលា ជាលើកទីពីរ ស្តីពី វិធានកំណត់ឈ្មោះអាស័យដ្ឋានលើអ៊ីនធឺណែត ជាអក្សរខ្មែរក្រោមអធិបតីភាព លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សិក្ខាសាលានេះ ត្រូវបានអញ្ញើញចូលរួមដោយ អ្នកជំនាញភាសាខ្មែរ អ្នកជំនាញអក្សរខ្មែរ ក្នុងប្រព័ន្ធកុំព្យូទ័រ (Unicode) អ្នកស្រាវជ្រាវ អ្នកធ្វើគោលនយោបាយ លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អ្នកគ្រប់គ្រង ការចុះបញ្ជីអាស័យដ្ឋានលើអ៊ីនធឺណែតនៅកម្ពុជា និងវាគ្មិន លោកបណ្ឌិត Sarmad Hussain ប្រធានផែ្នកជាន់ខ្ពស់គម្រោងបង្កើត អាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាសាកល (Internationalized Domain Name) របស់អង្គការ ICANN។

លោកបណ្ឌិត សេង សុភាព បានថ្លែងរៀបរាប់ពីអត្ថប្រយោជន៍ នៃអាស័យដ្ឋានលើអ៊ីនធឺណែត ជាភាសាខែ្មរមានដូចជា៖ ១-លើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរ ដើម្បីពង្រីកវិសាលភាព ក្នុងការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងផ្សេងៗ លើប្រព័ន្ធអ៊ីនធឺណែតឱ្យកាន់តែទូលំទូលាយ ទៅដល់ប្រជាជនខ្មែរ ដែលមិនចេះភាសាបរទេស ជាពិសេសនៅតាមជនបទ។ ២-មានអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ឧទាហរណ៍ http://អង្គរវត្ត.ខ្មែរ។ ៣- ជំរុញ និងលើកទឹកចិត្តស្ថាប័ននានា អោយប្រើប្រាស់អាស័យដ្ឋាន លើអ៊ីនធឺណែតជាអក្សរខ្មែរ។ ៤-ផ្តល់ភាពសម្បូរបែបដល់ជ្រើសរើស អាស័យដ្ឋានលើអ៊ីនធឺណែត និង ៥-ផ្តល់ឳកាសដល់ការធ្វើសេវាកម្មផ្សេងៗ តាមបណ្តាញ ដូចជា ការទិញលក់ទំនិញលើអ៊ីនធឺណែត។

ក្នុងអង្គសិក្ខាសាលា លោក ស៊ុន រ៉ាពីដ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ចាក់បន្ថែមថា គម្រោងបង្កើតអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខែ្មរ បានចំណាយពេល៩ខែ ដើម្បីចងក្រងវិធានកំណត់ឈ្មោះ អាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរ និងបានមកដល់ដំណាក់កាលបញ្ចប់ ដែលជាគម្រោងឈានមុខគេក្នុងតំបន់អាស៊ាន ហើយនឹងបញ្ចូនទៅកាន់អង្គការ ICANN អនុម័តជាផ្លូវការ។ បន្ទាប់ពីនោះអ្នកបង្កើតគេហទំព័រនានា និងអ្នកប្រើប្រាស់អ៊ីនធឺណែត អាចស្នើសុំប្រើប្រាស់នូវអាស័យដ្ឋាន លើអ៊ីនធឺណែតជាអក្សរខែ្មរ។

សូមជម្រាបថា ICANN) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលមានការទទួលខុសត្រូវ សម្រាប់ការសម្របសម្រួលនៃការថែទាំ និងវិធីសាស្រ្តនៃការមូលដ្ឋានទិន្នន័យជាច្រើន នៃការសម្គាល់តែមួយគត់ ដែលទាក់ទងទៅនឹង Namespace នៃ អ៊ីនធឺណិត និង ធានាបណ្តាញនេះមានស្ថេរភាព និងការប្រតិបត្ដិការ ដែលមានសុវត្ថិភាព៕