(កណ្តាល)៖ អគ្គិសនីកម្ពុជា នៅល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ចប់ការធ្វើតេស្តដាក់ឲ្យដំណើរការ អនុស្ថានីយអគ្គិសនីមុខកំពូល តង់ស្យុង២៣០/១១៥/២២ គីឡូវ៉ុល ដែលមានទីតាំងស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា អនុស្ថានីយអគ្គិសនីថ្មីនេះ នឹងផ្គត់ផ្គង់ផ្ទាល់ឲ្យមួយផ្នែកនៃរាជធានីភ្នំពេញ (ខណ្ឌជ្រោយចង្វារ) ខេត្តកណ្តាល (ស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ) និងខេត្តកំពង់ចាម (ស្រុកបាធាយ ស្រុកកងមាស) ដែលតំបន់ទាំងនេះ យកអគ្គិសនីពីរាជធានីភ្នំពេញ ដែលការផ្គត់ផ្គង់មានការរអាក់រអួលខ្លះ ដោយសារចម្ងាយឆ្ងាយពីប្រភព។

ជាមួយគ្នានេះដែរ អនុស្ថានីយអគ្គិសនីនេះ ក៏នឹងបង្កើនលទ្ធភាពផ្គត់ផ្គង់ មកប្រព័ន្ធផ្គត់ផ្គង់ក្នុងរាជធានីភ្នំពេញ តាមរយៈខ្សែបញ្ជូនតង់ស្យុង ១១៥ គីឡូវ៉ុល ដែលនឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២១ខាងមុខនេះ ជាមួយកម្លាំងប្រមាណ ១៥០ មេហ្កាវ៉ាត់បន្ថែម។

អនុស្ថានីយអគ្គិសនីថ្មីនេះ មិនត្រឹមតែផ្តល់ឲ្យប្រជាជន នូវការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាព និងគុណភាពល្អជាងមុន ដោយសារយកប្រភព ខិតមកជិតប្រជាពលរដ្ឋនៅតំបន់នេះ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ប៉ុណ្ណោះទេ វាក៏ផ្នែកមួយនៃគម្រោងបណ្តាញ ជាកងជុំវិញរាជធានីភ្នំពេញ ដែលតភ្ជាប់ពីស្រុកឧដុង្គ មកស្រុកមុខកំពូល និងបន្តទៅភ្ជាប់ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និងក្រុងតាខ្មៅ រួមនឹងរោងចក្រផលិតអគ្គិសនីដើរដោយប្រេង/ឧស្ម័ន ៤០០ មេហ្កាវ៉ាត់ ដែលវិនិយោគដោយរាជរដ្ឋាភិបាល។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «អនុស្ថានីយអគ្គិសនីមុខកំពូល ជាសមិទ្ធផលផ្លែផ្កា ដែលបានពីកិច្ចសហការគ្នាយ៉ាងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនី ចូលរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា»