(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាមេបញ្ជាការខណ្ឌទួលគោក ក្នុងផែនការបង្ការ និងទប់ស្កាត់អំពើលួចឆក់ ក្នុងរាជធានីភ្នំពេញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកម៉ាសចែកជូនដល់មន្ដ្រីនគរបាលដែលចុះពង្រឹងការងារក្នុងភូមិសាស្ដ្រខណ្ឌទួលគោក ក្នុងនោះមានទាំងកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ម៉ាសទាំងអស់នេះ គឺជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ផ្ដល់ជូនមន្ដ្រីនគរបាល តាមរយៈលោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត ក៏បានឧបត្ថម្ភថវិកាជូនមន្ដ្រីនគរបាលទាំងអស់ម្នាក់២ម៉ឺនរៀល និងឧបត្ថម្ភសាំងចាក់ម៉ូតូម្នាក់មួយពេញ ដើម្បីបំពេញកិច្ចការងារផងដែរ។

លោកឧត្តមសេនីយ៍ប្រធានគោលដៅ ក៏បានក្រើនរំលឹក និងណែនាំដល់មន្ដ្រីទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងពាក់ម៉ាសឲ្យបានត្រឹមត្រូវ ព្រមទាំងឧស្សាហ៍លាងដៃជាមួយជែល ឬអាល់កុល ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩។ បន្ថែមពីនេះ លោកក៏បានដាក់បទបញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រូវតែខិតខំបំពេញកិច្ចការងារ សំដៅធ្វើយ៉ាងណាលុបបំបាត់អំពើល្មើសដែលធ្លាប់កើតមានឡើង ពិសេសអំពើលួច ឆក់នេះតែម្ដង៕