(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ព្រមទាំងការផ្អាកបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅធ្វើការងារនៅប្រទេសថៃ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋមន្រ្តីក្រសួងការងារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

រដ្ឋមន្រ្តីក្រសួងការងារ បានបញ្ជាក់ថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារសុខភាព សុវត្ថិភាព និងជីវភាពរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និង

ធ្វើការនៅប្រទេសថៃ ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងខេត្តសាមុតសាខននៃប្រទេសថៃនោះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដូចខាងក្រោម៖

ក. សម្រាប់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

១៖ សូមអនុវត្តឱ្យបានល្អនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសគឺត្រូវរក្សាភាពនឹងនរ និងជឿជាក់លើសមត្ថកិច្ចថៃក្នុងការគ្រប់គ្រង បង្ការ និងព្យាបាលជំងឺកូវីដ-១៩។

២៖ សូមរក្សាប្រក្រតីភាពការងារ កុំផ្លាស់ប្តូរកន្លែងស្នាក់នៅ ឬកន្លែងធ្វើការងារពីខេត្តមួយទៅខេត្តមួយ ដែលខុសនឹងបម្រាមរបស់អាជ្ញាធរថៃ។

៣៖ ត្រូវចូលរួមសហការ និងគោរពឱ្យបាននូវរាល់បទបញ្ជា និងវិធានការសុខាភិបាលដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងនិយោជកថ្ងៃ។

៤៖ ត្រូវអនុវត្តតាមការណែនាំ ឬសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ប្រសិនជាមាន។

៥៖ ត្រូវលាងដៃជាមួយនឹងសាប៊ូ ឬដែលឱ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាអនាម័យឱ្យបានល្អ និងជាប្រចាំនៅកន្លែងធ្វើការងារ និងកន្លែងស្នាក់នៅ ព្រមទាំងកុំចេញទៅកន្លែងសាធារណៈដែលមានមនុស្សច្រើន។

៦៖ ត្រូវទាក់ទងទៅស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ក្នុងករណីមានបញ្ហា។

៧៖ ចំពោះមុខក្រសួង បាននឹងកំពុងទំនាក់ទំនងជាមួយក្រសួងការងារថៃ និងបានស្នើភាគីថៃសម្រួលការងារឯកសារ ផ្សេងៗដល់បងប្អូនពលករដែលកំពុង ស្នាក់នៅ និងធ្វើការនៅប្រទេសថៃឱ្យបានភាពស្របច្បាប់ ជាបណ្តោះអាសន្នក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩នេះ។

ខ.សម្រាប់បងប្អូនពលករ ដែលចាំបាច់ត្រូវវិលត្រឡប់មកស្រុកកំណើតវិញ

១៖ ប្រសិនជាចាំបាច់ត្រូវត្រឡប់មកស្រុកកំណើតវិញនោះ ត្រូវជ្រើសរើសច្រកណាមួយក្នុងចំណោមច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ជាដាច់ខាត ដែលនៅទីនោះរាជរដ្ឋាភិបាលមានរៀបចំការត្រួតពិនិត្យសុខភាព ដើម្បីការពារសុខភាពរបស់បងប្អូន ក៏ដូចជាបង្ការ និងការពារសុខភាពក្រុមគ្រួសាររបស់បងប្អូនដែលនៅស្រុកកំណើត។

២៖ ត្រូវអនុវត្តវិធានការត្រួតពិនិត្យសុខភាព និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ទៅតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន។

៣៖ ត្រូវប្រើប្រាស់រថយន្តដែលកំណត់ដោយមណ្ឌលចត្តាឡីស័ក ក្រោយពេលបញ្ចប់ការធ្វើចត្តាឡីស័ក ត្រឡប់ទៅភូមិកំណើត។

៤៖ ត្រូវជូនដំណឹងដល់អាជ្ញាធរភូមិ ឃុំ និងអ្នកជិតខាងឱ្យជ្រាបថា ខ្លួនទើបវិលត្រឡប់មកពីប្រទេសថៃ។

៥៖ ក្នុងករណីមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវជូនដំណឹងទៅអាជ្ញាធរភូមិ ឃុំរបស់ខ្លួន ដើម្បីទទួលបានសេវាអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល។

៦៖ សូមចុះឈ្មោះជាមួយ ទីភ្នាក់ងារជាតិមុខរបរនិងការងារ តាមរយៈ ww.nea.gov.kh ឬទូរសព្ទ ០១៧ ៨៩០ ៦៥៦ ប្រសិនជាបងប្អូនមានបំណងស្វែងរកការងារ ធ្វើក្នុងស្រុក និងសូមចុះឈ្មោះស្វែងរក ឱកាសការងារជាមួយភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ ប្រសិនជាមានបំណងស្វែងរកការងារធ្វើនៅប្រទេសណាមួយផ្សេង។

៧៖ សូមចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយឥតបង់ថ្លៃនៅគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈណាមួយរបស់ក្រសួង ដែលនៅជិតផ្ទះរបស់ខ្លួន។

គ.សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជន និងមន្ត្រីពាក់ព័ន្ធ

១៖ ផ្អាកការបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅប្រទេសថៃរហូតដល់មានការជូនដំណឹងជាថ្មី។

២៖ ត្រូវបន្តទំនាក់ទំនងជាមួយនិយោជកថៃ ឬសមាគមនិយោជកថៃ និងអាជ្ញាធរថៃ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច កម្ពុជាដើម្បីជួយសម្រួលដល់ ពលករ ក្នុងករណីចាំបាច់តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

ក្រសួងការងារសូមអំពាវនាវឲ្យបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទីភ្នាក់ងារជ្រើសរើសឯកជន និងមន្ត្រីពាក់ព័ន្ធជ្រាប និងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព៕