(កំពង់ឆ្នាំង)៖ លោក ឡែម ឈឺន មេភូមិទឹកចេញ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងជាតំណាងប្រជាពលរដ្ឋ ៣ភូមិ ដែលមានទីតាំងមូលដ្ឋានជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់កិច្ចសម្ភាសន៍ជាមួយនិងក្រុមអ្នកយកព័ត៌មានឲ្យដឹងថា នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២០ ពួកគាត់ទាំង៣ភូមិ មានគ្នាជាង ១០០គ្រួសារ បានដាក់សំណើស្នើសុំដល់អាជ្ញាធរស្រុកទឹកផុស និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ឲ្យជួយបើកផ្លូវចាស់ពីបុរាណមួយខ្សែ មានប្រវែងជិត ៥គីឡូម៉ែត្រ ស្ថិតនៅលើដីកម្មសិទ្ធិរបស់លោក ខូវ គាត អានិកជនខ្មែរអាមេរិក ដែលដីផ្លូវនេះក្រុមនិស្សិតបានវាស់វែងទុកផ្លូវក្នុងប្លង់សម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលត្រូវបានលោក ខូវ គាត ម្ចាស់ដីបិទផ្លូវរយៈពេលជាង៥ឆ្នាំមកហើយ។

ប៉ុន្តែអាជ្ញាធរខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុកទឹកផុស បានចុះដោះស្រាយពី ២ទៅ ៣ដងមក ហើយដែរ តែមិនទទួលបានជោគជ័យនោះឡើយ។ ដូច្នេះហើយទើបនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ តាមរយៈក្រុមអ្នកសារព័ត៌មាន ពួកគាត់តំណាងឲ្យប្រជាពលរដ្ឋទាំង ៣ភូមិ បានគោរពស្នើសុំរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិ មេត្តាជួយអន្តរាគមន៍បើកផ្លូវខាងលើនេះ ឲ្យពួក គាត់បានប្រើប្រាស់ជាធម្មតាវិញដោយក្តីអនុគ្រោះផង។

លោក ឡែម ឈឺន បានបញ្ជាក់ឲ្យដឹងទៀតថា ផ្លូវមួយខ្សែខាងលើនេះគឺមានតាំងពីសង្គមរាស្រ្តនិយមមកម្លេះ ដែលប្រជាពលរដ្ឋជាច្រើនភូមិ រាប់រយគ្រួសាបានធ្វើដំណើរ និងដឹកផលិតផលកសិកម្មទៅលក់ដូរនៅផ្សារស្រុកទឹកផុស ជាហូរហែ ហើយបច្ចុប្បន្នក៏ជាមួយខ្សែផ្លូវបែកចេញពីផ្លូវជាតិលេខ៥៣ កាត់ត្រង់មកកាន់រមណីយដ្ឋានទឹកធ្លាក់ភ្នំជ្រាវ គឺមានចំងាយពីផ្លូវបំបែកមកដល់រមណីយដ្ឋានជ្រាវ តែជាង ៦គីឡូម៉ែត្រតែប៉ុណ្ណោះ។ ប៉ុន្តែតែក្រោយពីគេបាន បិទផ្លូវនេះ ប្រជាពលរដ្ឋទាំងអស់បើចង់ទៅលេងកម្សាន្តនៅទឹកធ្លាក់ភ្នំជ្រាវ ឬក៏ដឹកកសិផលផ្សេងៗទៅរ៉ារមាស ស្រុកទឹកផុសនោះ ត្រូវធ្វើដំណើរតាមផ្លូវវាងចម្ងាយជាង១៣គីឡូម៉ែត្រ។

ដោយឡែកកាលពីអាជ្ងាធរស្រុកទឹកផុស ចុះមកធ្វើការដោះស្រាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកខូវ គាត ដែលបានធ្វើរបងបិទផ្លូវខាងលើនេះ លោកក៏បានទទួលស្គាល់ផ្លូវចាស់ខាងលើនេះផងដែរ ដោយបានធ្វើកិច្ចសន្យា ជាមួយតំណាងប្រជាពលរដ្ឋទាំង៣ភូមិ យល់ព្រមថានឹងធ្វើផ្លូវមួយខ្សែជំនួសផ្លូវចាស់វិញទុកសម្រាប់ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់។ ប៉ុន្តែគម្រោងការធ្វើផ្លូវថ្មីនេះមិនបានជោគជ័យនោះឡើយ ព្រោះប៉ះពាល់ដីព្រះរាជក្រឹត្យ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន នឹងប៉ះពាល់ដីប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិជាច្រើនម្ចាស់ផងដែរ ដូច្នេះអាជ្ញាធរ និងមន្ទីរជំនាញមិនឯកភាពនោះឡើយ។

ក្រោយមកនៅអំឡុងដើមខែធ្នូ ឆ្នាំ២០២០ លោក សុខ សុន្ធី អភិបាលរងស្រុកទឹកផុស បានចុះដោះស្រាយម្ដងទៀត ដោយបានលើកឡើងថា ការសុំបើកផ្លូវចាស់នេះមិនអាចធ្វើបានទេ ដោយសារតែផ្លូវខាងលើនេះទ័លមិនមានផ្លូវចាស់ ដូចការអះអាងរបស់ប្រជាពលរដ្ឋឡើយ។ ចំណែកការកសាងផ្លូវថ្មីក៏មិនអាចធ្វើបាននោះដែរ ព្រោះបានប៉ះដីព្រះរាជក្រឹត្យ និងដីប្រជាពលរដ្ឋដែលគេមានបណ្ណ ដូច្នេះរឿងនេះលោកមិនអាចបើកផ្លូវនេះជូនប្រជាពលរដ្ឋបានទេ។

ទាក់ទងក្នុងរឿងខាងលើនេះ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២០ ខែធ្នូនេះ បានបញ្ជាក់ឲ្យដឹងថា ចំពោះប័ណ្ណកម្មសិទ្ធិដែលក្រុមនិស្សិតបានវាស់វែងឲ្យ បើគេរក្សាទុកដីផ្លូវសាធារណៈក្នុងប្លង់នោះ គឺភាគីម្ចាស់ដីមិនអាចបិទផ្លូវនោះបានឡើយ។ ប៉ុន្តែបើគេវាស់វែងចេញប្លង់ក្នុងផ្លូវពុំមានផ្លូវសាធារណៈនោះទេ គឺភាគីប្រជាពលរដ្ឋសុំបើកផ្លូវនោះ ត្រូវតែចរចាសម្របសម្រួល ជាមួយនិងម្ចាស់ដី។

ដោយឡែកលោក សាន់ យូរ អភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានបញ្ជាក់ឲ្យដឹងថា ករណីខាងលើនេះ លោកគ្រាន់តែបានទទួលដំណឹងថាអាជ្ញាធរស្រុកទឹកផុសបានដោះស្រាយបញ្ចប់រឿងនេះហើយ។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ លោកពុំទាន់បានទទួលរបាយការណ៍នោះនៅឡើយទេ ថាការដោះស្រាយបញ្ចប់វិវាទនោះបញ្ចប់ទៅដោយរបៀបណា។

ជុំវិញករណីខាងលើនេះលោក សុខ សុន្ធី អភិបាលរងស្រុកទឹកផុស ជាអ្នកដោះស្រាយវិវាទដីធ្លីខាងលើនេះ នៅល្ងាចថ្ងៃទី២០ ខែធ្នូ បានបញ្ជាក់តាមទូរសព្ទប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា វិវាទដីធ្លីខាងលើនេះក្រុមការងារចម្រុះបានចុះស្រាវជ្រាវរកផ្លូវដែលប្រជាពលរដ្ឋសុំបើកជាក់ស្តែង គឺជាផ្លូវទ័លនៅក្នុងប្លង់ដីរបស់លោក ខូវ គាត ហើយក៏ប៉ះពាល់ដល់ដីដែលមានប័ណ្ណកម្មសិទ្ធិចំនួន ៧ប្លង់ទៀតផងដែរ ហេតុនេះស្រុកមិនអាចបើកផ្លូវឲ្យប្រជាពលរដ្ឋតាមការស្នើសុំរបស់ពួកគាត់បានឡើយ។ ដូច្នេះការដោះស្រាយជាមួយប្រជាពលរដ្ឋកាលពីដើមខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប្រជាពលរដ្ឋក៏បានសុំដកពាក្យបណ្ដឹងវិញបញ្ចប់ រឿងខាងលើនេះដោយមានកំណត់ហេតុត្រឹមត្រូវក្នុងពេលប្រជុំដោះស្រាយបញ្ចប់រឿងនេះរួចហើយតើ។

ប៉ុន្តែក្រុមតំណាងប្រជាពលរដ្ឋដែលជាអាជ្ញាធរភូមិ ជាអ្នកស្នើសុំបើកផ្លូវខាងលើនេះបានបញ្ជាក់ថា ពួកគាត់ពុំបានចុះហត្ថលេខា ឬផ្តិតមេដៃយល់ព្រមដកពាក្យបណ្ដឹងបញ្ចប់រឿងនេះ ដូចការអះអាងរបស់លោកអភិបាលរងស្រុកទឹកផុស ខាងលើនេះឡើយ។ ពួកគាត់នឹងបន្តសុំកិច្ចអន្តរាគមន៍ពីថ្នាក់ជាតិជាបន្តទៀត ដើម្បីស្នើសុំបើកផ្លូវខាងលើនេះឲ្យបាន ព្រោះផ្លូវនេះជាផ្លូវចាស់បុរាណពីដើមមកដែលនិស្សិតចុះវាស់វែងទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បម្រើជីវភាពរស់នៅរបស់ពួកគាត់ដែលកំពុងជួបការលំបាក ពិសេសផ្លូវនេះត្រូវបានតភ្ជាប់ពីឃុំអមលាំង មកកាន់ផ្លូវជាតិលេខ៥៣ ស្រុកទឹកផុស ដែលក្រុមនិស្សិតចុះវាស់វែងដោយទុកផ្លូវនេះ ទទឹង១៥ ម៉ែត្រ បណ្ដោយជាង៥,០០០ម៉ែត្រ។

យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោក ខូវ គាត បានទេចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើនេះ៕