(រតនគិរី)៖ ម្ចាស់ចំការចំណាំហូបផ្លែមួយកន្លែង មានផ្ទៃដីចំនួន១១ហិចតា ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយពីដំណាំរបស់គាត់បានហុចផលមកច្រើន ថែមទាំងមានតម្លៃសមរម្យ នៅលើទីផ្សារផងដែរ។

លោក វ៉ាន់ សោភា ជាម្ចាស់ចម្ការនេះបានឱ្យភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី ដឹងនៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា ថាបន្ទាប់ពីតម្លៃម្រេច មានទីផ្សារចង្អៀត ហើយធ្លាក់ថ្លៃនោះ ក្រុមគ្រួសារគាត់បានងាកមកដាំដំណាំផ្សេងៗដូចជា ធុរេន, ប័រ, កាហ្វេ, ផាសិន ក្នុងនោះដែរផ្លែផាសិន កំពុងមានទីផ្សារ និងតម្លៃសមរម្យ។

លោកបន្តថា ដំណាំផាសិន ងាយស្រួលដាំដុះ មិនអស់ទុនច្រើន គ្រាន់តែប្រើប្រាស់ជីធម្មជាតិបន្តិចបន្តួច ហើយស្រោចទឹកឲ្យបានគ្រប់គ្រាន់។ រីឯទិន្នផលវិញ ប្រមូល ជាប់គ្នារហូត (ផ្លែផាសិនមិនគិតរដូវទេ) ប៉ុន្តែវាផ្តល់ផលឲ្យរយៈពេល៣ឆ្នាំទេ គឺដើមងាប់រួចដាំថ្មីឡើងវិញ (យកគ្រាប់មកបណ្តុះ)។

លោក វ៉ាន់ សោភា បន្តឲ្យដឹងទៀតថា អ្នកចំការមួយចំនួនដាំដំណាំតែ១មុខមិនអាចទប់ថ្លៃពលកម្ម និងជីបានទេ ដូច្នេះត្រូវតែដាំដំណាំចម្រុះ ព្រោះប្រមូលផលបន្តបន្ទាប់គ្នា ទើបដោះស្រាយការចំណាយបាន។ ដោយក្នុងផ្ទៃដីចំការមានអូរមានប្រភពទឹកគ្រាប់គ្រាន់នោះ គាត់បានជីកស្រះចិញ្ចឹមត្រីអណ្តែ ដើម្បីលក់ជូនប្រជាពលរដ្ឋក្នុង ខេត្តរតនគិរី ហើយទឹកក្នុងស្រះចិញ្ចឹមត្រីមានជីពីអាចម៌ត្រី (ជីធម្មជាតិ ) បូមមកស្រោចស្រពដំណាំខាងលើផង ដែលអាចកាត់បន្ថយថ្លៃចំណាយបានខ្លះផងដែរ។

សូមបញ្ជាក់ផងដែរថា ផ្លែផាសិនបេះរួចយកមកទុករយៈពេល២ថ្ងៃ ទើបវាមានរសជាតិជូរអែមឆ្ងាញ់ បើបេះភ្លាមហូបភ្លាមមិនសូវឆ្ងាញ់ទេ រីឯតម្លៃវិញ ១គីឡូក្រាម៨០០០រៀល។ អាចទំនាក់ទំនងតាមលេខទូរសព្ទ ០៩៧ ៩៦៦៦ ៦០៤៕