(កំពង់ចាម)៖ ក្នុងជំនួបជាផ្លូវការរវាងលោក​ William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ និងលោក​ លន់​ លឹមថៃ​ អភិបាលខេត្ត​​កំពង់ចាម​ នៅរសៀលថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ លោក​ឯកអគ្គរដ្ឋទូត ​បានបង្ហាញ​នូវ​ក្តី​រំភើប​​ស្ងប់ស្ងែង ​ចំពោះការ​អភិវឌ្ឍ​ និង​ការរីកចំរើន​យ៉ាងឆាប់រហ័ស នៃ​ខេត្តកំពង់ចាម​ ជាពិសេស​ក្រុងកំពង់ចាម​តែម្តង។

បន្ទាប់ពីលោកអភិបាលខេត្ត​កំពង់ចាម ​រៀបរាប់អំពីសក្តានុពលខេត្ត លោក​ William Heidt បានកត់សំគាល់ឃើញអំពី​ការ​អភិវឌ្ឍ​ផ្លូវ​ និងស្ពាន​ បរិស្ថាន​ស្អាត ​និងភាពស៊ីវិល័យ​ នៃទីក្រុងកំពង់ចាម​ និងប្រជាពលរដ្ឋ ហើយបាន​លើកឡើងអំពីការពិនិត្យលទ្ធភាព នៃការជួយស្វែងរកដៃគូ​វិនិយោគ ​លើវិស័យកសិកម្ម​ ឧស្សាហកម្ម​ និងទេសចរណ៍ ឱ្យមក​ធ្វើការ​វិនិយោគ​ ក្នុងខេត្តកំពង់ចាម​ក្នុងពេលឆាប់ៗ​ខាងមុខនេះ​។

លើសពីនេះ​ទៀត​ ខណៈ​ដែល​រដ្ឋបាល​ខេត្តកំពង់ចាម ​កំពុងផ្តួចផ្តើមបង្កើត​បណ្ណាល័យ​សាធារណៈ​មួយ ក្នុង​ក្រុងកំពង់ចាម​ លោក​ឯកអគ្គរដ្ឋទូត​បាន ទទួល​យកនូវសំណូមពរ ​អំពី​លទ្ធភាព​នៃជួយឧបត្ថម្ភធនធាន សម្ភារជាសៀវភៅ​ កុំព្យូទ័រ​ និងគ្រឿងសង្ហារឹមផ្សេងៗ​ តាមការស្នើសុំរបស់លោកអភិបាលខេត្ត​។

នៅចុងបញ្ចប់នៃជំនួបប្រជុំ​នេះ លោកបានជម្រាបជូន លោកអភិបាលខេត្តថា​ លោកនឹងមកលេងខេត្តកំពង់ចាមម្តងទៀត​ ជាលក្ខណៈ​គ្រួសារ​ក្នុងពេលឆាប់ៗ​ខាងមុខនេះ​៕

Posted by Fresh News Photo on Tuesday, February 16, 2016