(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ មកប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៥ កន្លងទៅនេះ មានការកើនឡើងប្រមាណ៦,១ភាគរយ ដោយក្នុងនោះមានបណ្តាខេត្តមួយចំនួនបានកើនឡើងខ្ពស់ ហើយតំបន់មួយចំនួនទៀតក៏មានការធ្លាក់ចុះបន្តិចបន្តួច។

របាយការណ៍ទេសចរណ៍ បានឱ្យដឹងថា ឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤.៧៧៥.២៣១នាក់ កើនឡើងប្រមាណ៦,១ភាគរយបើប្រៀបនឹងឆ្នាំ២០១៤។ ភ្ញៀវទេសចរវៀតណាម ដែលចូលមកកម្ពុជា មានចំនួន៩៨៧,៧៩២នាក់ កើនឡើងប្រមាណ៩,១ភាគរយដែរ។ ភ្ញៀវចិនកើនឡើងជាង២៤ភាគរយ ថៃជាង២៥ភាគរយ ហើយភ្ញៀវមកពីអឺរ៉ុបពិសេសអង់គ្លេសកើន១៦ភាគរយ ភ្ញៀវអាមេរិកកើនឡើង១០ភាគរយ។ ភ្ញៀវទេសចរបរទេសទៅកាន់ខេត្តសៀមរាបក្នុងឆ្នាំ២០១៥ មានចំនួន ២.១២៤.៨៦៣នាក់ ថយចុះ៩,៦១ភាគរយ បើធៀបនឹងឆ្នាំ២០១៤។ ប៉ុន្តែនៅតាមបណ្តាខេត្តផ្សេងៗទៀតជាពិសេសជាប់មាត់សមុទ្រ បានកើនឡើងគួរឱ្យកត់សម្គាល់ទៅវិញ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាប់ Fresh News ឱ្យដឹងថា ការថយចុះនៅខេត្តសៀមរាប ដោយសារតែភ្ញៀវទេសចរបរទេសមួយចំនួន បានបង្វែគោលដៅទៅកម្សាន្តនៅខេត្តផ្សេងទៀតដូចជាខេត្តព្រះសីហនុ និងខេត្តកំពត ដែលពួកគាត់ទៅកម្សាន្តនៅក្រុងកំពង់សោម និង ភ្នំបូកគោ

ក្រៅពីនោះ លោកបានអះអាងថា បញ្ហាផ្សេងទៀតដូចជា ការធ្លាក់ចុះនៃភ្ញៀវទេសចររុស្ស៊ីដែលមានរហូតដល់៥០% ក្រៅពីនោះមានការធ្លាក់ចុះនូវភ្ញៀវកូរ៉េ ដែលបណ្តាលមកពីជំងឺ Merz កាលពីដើមឆ្នាំ២០១៥ និងភ្ញៀវជប៉ុនជាដើម។

ដោយឡែកសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឱ្យដឹងដែរថា ការថយចុះភ្ញៀវទេសចរទៅខេត្តសៀមរាប  ដោយសារតែស្ថានភាពផ្លូវគោក។ រីឯនិន្នាការភ្ញៀវធ្វើដំណើរជាអន្តរជាតិក៏មានការថយចុះជារួម ព្រោះការបារម្ភអំពីភារវកម្មក្នុងពិភពលោក កត្តាសេដ្ឋកិច្ចមានការលំបាក និងបញ្ហានយោបាយនៃប្រទេសមួយចំនួន។ ម្យ៉ាងទៀតស្ថានភាពជួសជុល និងកែលំអផ្លូវទៅកាន់គោលដៅទេសចរណ៍ ដូចជាផ្លូវភ្នំពេញ-សៀមរាប ដែលបាននិងកំពុងកែលំអ ក៏អាចបង្កការលំបាកចំពោះមុខហើយបង្វែរភ្ញៀវឲ្យធ្វើដំណើរ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗទៀត ក្រៅពីសៀមរាប ដូចជាតំបន់ភ្នំពេញ(មានកំណើន២៣ភាគរយ) និងតំបន់ឆ្នេរសមុទ្រ (មានកំណើន២ភាគរយ) ជាដើម។

 ទោះជាមានការធ្លាក់ចុះនូវភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាបយ៉ាងណាក្តី ក៏ប៉ុន្តែចំនួនអ្នកចូលទស្សនានៅប្រាសាទអង្គរវត្ត នៅឆ្នាំ២០១៥នោះ បានកើនឡើងប្រមាណ២ភាគរយ ផងដែរ។ របាយការណ៍រប​ស់អាជ្ញាធរអប្សរា បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០១៥ មានចំនួន ២.១០០.០១៨នាក់ កើនឡើងប្រមាណ ២ភាគរយ បើធៀបឆ្នាំ២០១៤ ដែលមានចំនួនសរុប ត្រឹមតែ ២.០៥៩.៧០២នាក់៕