(កណ្ដាល)៖ ជនសង្ស័យដែលបានបាញ់បងប្រុសបង្កើតរបស់ខ្លួនឯងស្លាប់ក្នុងថ្លុកឈាម នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកណ្ដាល និងខេត្តស្វាយរៀង តាមចាប់ខ្លួនបានដល់ក្នុងផ្ទះនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើតាមលោក ឡាក់ ម៉េងធី នាយកការិយាល័យព្រហ្មទណ្ឌកម្រិល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឱ្យដឹងថា បន្ទាប់ពីការតាមដានស្រាវជ្រាវយ៉ាងយកចិត្ត ទុកដាក់ដឹងតម្រុយថា ជនសង្ស័យកំពុងស្នាក់ នៅមូលដ្ឋានខេត្តស្វាយរៀង ទើបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល, សម្របសម្រួលពីតំណាងអយ្យការ ដឹកនាំផ្ទាល់ពីសមត្ថកិច្ចជំនាញទាំង២ខេត្ត បានចុះចាប់ជនសង្ស័យឈ្មោះ ឆាយ សាលាភ ដល់ក្នុងផ្ទះតែម្ដង និងបាននាំខ្លួនជនសង្ស័យ មកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី។

គួរជម្រាបថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ ជនសង្ស័យខាងលើបានប្រើកាំភ្លើងម៉ាក Lock ៩៨ លេខ ០០០៨០៤០៩២៣៦ បង់០១ គ្រាប់ចំនួន១០គ្រាប់ បាញ់ប្រហារ មកលើបងប្រុសបង្កើតរបស់ខ្លួនឈ្មោះ ឆាយ សៀមមី និងប៉ុនប៉ងបាញ់អ្នកជិតខាងថែមទៀត ដោយសារខឹងមកឃាត់ពេលខ្លួន ឈ្លោះប្រកែកជាមួយភរិយា។ ការបាញ់នេះ បានកើតហេតុនៅចំណុចផ្ទះជនសង្ស័យភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដំណើរដើមទងនៃសាច់រឿងនេះ មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយតែងឈ្មោះគ្នាជាមួយប្រពន្ធ រកស៊ីលក់ផលិតផល តាមអនឡាញ។ លុះមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤រសៀល ជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួន ពេលនោះជនរងគ្រោះ បានចូលទៅជួយសម្រប ម្រួលឲ្យឈប់ឈ្លោះគ្នា តែពេលនោះជនសង្ស័យបែជាខឹងថា ជនរងគ្រោះចេះដឹងរឿងប្តីប្រពន្ធរបស់គេ ចង់បំបែកបាក់ប្តីប្រពន្ធគេ។ លុះមកដល់វេលាម៉ោង០៤ទៀបភ្លឺ នាថ្ងៃកើតហេតុខាងលើជនសង្ស័យ បានទូរស័ព្ទ ហៅជនរងគ្រោះពីខេត្តកំពង់ចាម ឲ្យឡើងមកជួបនៅផ្ទះរបស់ខ្លួន នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីនិយាយគ្នាបន្តិច។

ពេលនោះជនរងគ្រោះ បានជិះម៉ូតូឡើងមកជួបជនសង្ស័យតាមការណាត់ តែនៅពេលមកដល់មិនទាន់បាននិយាយអ្វីផង ក៏ត្រូវជនសង្ស័យដកកាំភ្លើងបាញ់ ជនរងគ្រោះត្រូវចំក្រោមក្លៀក ខាងស្តាំធ្លាយគ្រាប់ទៅក្រោយ ហើយជនសង្ស័យបានរកបាញ់ឪពុកក្មេកតែមិនផ្ទុះ និងប្រតាយប្រតប់គ្នាជ្រុះកាំភ្លើង ត្រូវឪពុកក្មេកយកបាន ភ្លាមនោះជនសង្ស័យបានឡើងជិះម៉ូតូ Scoopy ពណ៌ក្រហម ស្លាកលេខភ្នំពេញ-99 41 ជិះគេចខ្លួនសំដៅមកភ្នំពេញ ហើយក៏រត់ទៅខេត្តស្វាយរៀង៕