(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកនៃមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) បានបរិច្ចាគថវិកា ចំនួនសរុប ២៨,៦៥៨,០០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

បន្ទាប់ពីការបង្ហាញផែនការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះដែរ មានចលនាមហាជនគាំទ្រសម្តេចតេជោ ហ៊ុន សែន យ៉ាងផុលផុស។ មហាជនមិនត្រឹមតែគាំទ្រផ្នែកទស្សនៈ និងគំនិតប៉ុណ្ណោះទេ តែក៏បានចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោផងដែរ។

ព្រះសង្ឃ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករ អាជីវករ កម្មករ សិស្សនិស្សិត និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានបរិច្ចាគថវិកាជូនទៅសម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគថវិកានេះ ជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ៕