(ពោធិ៍សាត់)៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហាវត្ត វិហារហ្លួង ស្ថិតនៅក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក កែវ រតនៈ បានថ្លែងថា ព្រះវិហារដ៏ថ្មីស្រឡាងនៅចំពោះមុខយើងនេះ គឺជាសមិទ្ធិផលបានមកពីកម្លាំងមហាសាមគ្គី រួបរួមគ្នាកសាងអស់រយៈកាលជាច្រើនឆ្នាំមកហើយ ដូចនេះត្រូវចូលរួមថែរក្សាឲ្យ បានគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយៗទុកជាសក្ការៈបូជា ។

លោកបានថ្លែងទៀតថា សមិទ្ធិផល ដែលលេចធ្លោរនាពេលនេះ គឺដោយសារប្រទេសជាតិយើង ទទួលបានសុខសន្តិភាព ស្ថេរភាព ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ប្រទេសជាតិត្រូវបានស្តារ និង អភិវឌ្ឍន៍ឡើងវិញ ចាប់ពីលេខសូន្យ រហូតមានការរីកចម្រើនមកទល់សព្វថ្ងៃ ទាំងពុទ្ធចក្រ និងអាណាចក្រ។ គោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ជាអាទិភាពមាន ៤សំខាន់ គឺ ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស ជាកត្តាសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

លោកបានលើកទៀតថា សេរីភាពខាងជំនឿសាសនា ពិតជាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ លើកកម្ពស់ និងផ្តល់សិទ្ធិជូនប្រជាពលរដ្ឋទាំងអស់ ជ្រើសរើសសម្តៅរួមគ្នាកសាង សន្តិភាពផ្លូវចិត្ត ពីព្រោះសាសនា ជាចលករដ៏សំខាន់ ក្នុងការជម្រុញឲ្យមានការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការបញ្ចុះតម្លៃភ្លើងអគ្គីសនី របស់រាជរដ្ឋាភិបាល គឺជាការកាត់ចំណាយប្រាក់ច្រើន របស់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រើប្រាស់ភ្លើងឯកជន មានតម្លៃខ្ពស់ មកប្រើប្រាស់ភ្លើងអគ្គីសនីមានតម្លៃថោក ធ្វើឲ្យជីវភាពកាន់តែប្រសើរ ទាំងទីប្រជុំជនក៏ដូចជនបទ។

លោក កែវ រតនៈ បានសម្តែងនូវអំណរគុណចំពោះ លោក អេង គន្ធា អគ្គនាយករងអគ្គីសនីកម្ពុជា និង លោកស្រី កែវ បុផ្ផារ័ត្ន លោក សំ ខុន សប្បុរសជននៅប្រទេសបារាំង ព្រមទាំងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ដែលមានសទ្ធាជ្រះថ្លា ដ៏បរិសុទ្ធ រួមគ្នាកសាងព្រះវិហារ និងសមិទ្ធិផលនានា វត្តវិហារហ្លួងនេះឡើង ទុកជាសម្បត្តិនៃព្រះពុទ្ធសានា។ លោក កែវ រតនៈ បានសំណូមពរ និង ផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសពុទ្ធបរិស័ទចំណុះជើង វត្តវិហារហ្លួង ជួយថែរក្សាការពារ និងជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រមទាំងចូលរួមកិច្ចសហការបង្ការទប់ស្កាត់ចោរកម្ម គ្រឿងញៀន ក្មេងទំនើង និងរួមគ្នាគោរពច្បាប់ចរាចរណ៍៕