(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការការពារការចម្លងវីវុសកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងអំឡុងពេលឆ្លងឆ្នាំសកលថ្មី និងសម្រាប់ឆ្នាំ២០២១។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានលើកឡើងថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាយើង ស្ថិតនៅក្នុងការគ្រប់គ្រងបានល្អប្រសើរ នាពេលបច្ចុប្បន្ននេះ ដែលពាក់ព័ន្ឋនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» មានអ្នកជាសះស្បើយជាបន្តបន្ទាប់ និងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មិនមានរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀតក៏ពិតមែន ក៏ប៉ុន្តែស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅបណ្ដាប្រទេសលើសកលលោក និងនៅក្នុងតំបន់ គឺមិនទាន់មានការធូរស្បើយនៅឡើយទេ ព្រមទាំងបាន និងកំពុងមានការផ្ទុះឡើងវិញ នៅបណ្ដាប្រទេសជាច្រើន ជាក់ស្តែងយោងតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក ករណីជំងឺកូវីដ-១៩ សរុបនៅលើសកលលោកមាន ៧២ ២៩៩ ០៤២ នាក់ ក្នុងនោះមានអ្នកស្លាប់សរុបមានជាង១.៦លាននាក់ហើយ នេះបើគិតត្រឹមម៉ោង១៧៖២២ល្ងាច នៃថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសាជាថ្មី ដល់សាធារណជន និងបងប្អូន ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅកម្ពុជា ត្រូវបន្តចូលរួមអនុវត្តន៍វិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ នៅក្នុងទ្រង់ទ្រាយតូចក្ដី ឬ ធំក្ដី នាអំឡុងពេលគ្រីស្មាស់ចូលឆ្នាំថ្មី ពេលឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១ ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំក៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដែលមានការតម្រូវឱ្យអនុវត្តន៍នូវវិធានសំខាន់ៗ ជាសង្ខេបមានដូចខាងក្រោម៖

១៖ សូមបន្ត «ការរស់នៅធម្មតាតាមបែបគន្លងថ្មី» ដោយអនុវត្តន៍នូវវិធាន «ការពារ» គឺ ក. ពាក់ម៉ាស់រាល់ ពេលចេញក្រៅផ្ទះ (បើមានការចំបាច់), ខ. លាងដៃញឹកញាប់ជាមួយសាប៊ូ, អាល់កុល ឬទឹកដែលលាងដៃ, និងគ. រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា នៅគ្រប់កន្លែង គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

២៖ សូមអនុវត្តន៍វិធាន «៣កុំ» គឺ ក. កុំទី១ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងដែលមានខ្យល់ចេញចូល, ខ. កុំទី២ គឺកុំទៅកន្លែងមានមនុស្សច្រើនកុះករ, និង កុំ ទី៣ គឺ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា នៅពេលជូនគ្នាជាដើម ហើយអ្នកមានផ្កាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ ឬមានអាការៈមិនស្រួលសូមពាក់ម៉ាស់ និងស្វែងរកសេវាពិគ្រោះពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ឬទូរសព្ទមកលេខទាន់ហេតុការណ៍ ១១៥ ដើម្បីពិគ្រោះយោបល់។

៣៖ មិនត្រូវមានការជួបជុំគ្នា ដែលមានមនុស្សលើសពី ២០នាក់ និងត្រូវអនុវត្តន៍វិធានការសុខាភិបាល ឱ្យបានត្រឹមត្រូវ ដូចបានណែនាំខាងលើនេះស្រាប់ជាចំបាច់។ ពេលនេះជាដំណាក់កាលចំបាច់បំផុតដែល យើងទាំងអស់គ្នា ត្រូវរួមសាមគ្គីគ្នា ក្នុងការអនុវត្តវិធានការសុខាភិបានដ៏មានសារៈសំខាន់នេះ ដើម្បីទប់ស្កាត់ការចម្លងរាលដាល ក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំក្ដី និងដើម្បីបងប្អូនអាចបន្តការរស់នៅជាធម្មតាតាម បែបគន្លងថ្មី ជាប្រចាំ។ សូមកុំភ្លេចវីរុសកូវីដ-១៩ ព្រោះវីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយ ទេ ហើយវីរុសដ៏កាចសាហាវនេះក៏មិនភ្លេចយើងដែរ បើយើងធ្វេសប្រហែស វីរុសនេះនឹងវាយលុកសរីរាង្គកាយ យើងហើយ។ ដូច្នេះ មានតែវិធីការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំខាងលើនេះទេ ដែលអាចជួយទប់ស្កាត់បានជាអតិបរិមា នូវការចម្លងពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារខ្លួន និងពីបុគ្គលទៅជាការចម្លងរាតត្បាត ក្នុងសហគមន៍ទ្រង់ទ្រាយធំ។

៤៖ នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប ធនាគារ និងកន្លែងពាណិជ្ជកម្មផ្សេងៗ ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ បើអតិថិជនមិនមានពាក់ម៉ាស់ គឺមិនអនុញ្ញាតឱ្យចូលក្នុងទីកន្លែងរបស់ខ្លួនឡើយ ហើយត្រូវមានការវាស់កំដៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាតគ្នា មួយម៉ែត្រកន្លះឡើងទៅ មានទឹកអាល់កុល ឬទឹកជែល សម្រាប់អតិថិជនលាងដៃ និងនៅតាមបន្ទប់ទឹក ត្រូវមានសាប៊ូលាងដៃជាប្រចាំ។

ទន្ទឹមនេះ ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូល រួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធររាជធានី-ខេត្ត ស្រុក ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ទាំងអស់ហើយក្រសួងក៏សូមថ្លែងអំពាវនាវ ដល់សាធារណជនទាំងអស់សូមចូលរួម អនុវត្តន៍តាមការណែនាំរបស់ក្រសួង ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់ និងកុំឱ្យមានការចម្លង ក្នុងសហគមន៍ទ្រង់ទ្រាយធំ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺសូមប្រញាប់ ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខ១១៥៕