(សៀមរាប)៖ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចយកឧទ្យានជាតិភ្នំគូលែន នៅខេត្តសៀមរាប និងតំបន់ក្បាលឆាយ ក្នុងខេត្តព្រះសីហនុ ដើម្បីអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) ក្រសួងបរិស្ថាន បានអំពាវនាវ និងលើកទឹកចិត្ត ចំពោះអ្នកប្រើប្រាស់ទឹកមានប្រភពទីអាងទឹកធម្មជាតិភ្នំគូលែន ក្នុងបរិមាណច្រើន ជាលក្ខណៈអាជីវកម្ម ត្រូវផ្តល់វិភាគទានស្ម័គ្រចិត្ត ដើម្បីយកថវិកានេះ មកប្រើប្រាស់លើការងារការពារប្រព័ន្ធអេកូឡូស៊ី នៅឧទ្យានជាតិជ័យវរ្ម័ន-នរោត្តមភ្នំគូលែន ដែលជាអាងទឹកធម្មជាតិដ៏ធំសម្រាប់អ្នកខេត្តសៀមរាម»។ នេះជាលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។

ពាក់នឹងចំណុចនេះដែរ លោកបានឱ្យដឹងថា តាមការសិក្សាជាក់ស្តែងទាំងម្ចាស់អាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋធម្មតារស់នៅ ក្នុងក្រុងសៀមរាប ត្រូវពឹងផ្អែកលើទឹកក្រោមដីប្រមាណ៨០% ហើយ ២០%ទៀតផ្គត់ផ្គង់ដោយរដ្ឋាករទឹកខេត្ត ហើយការប្រើប្រាស់ទឹកក្រោមដីយ៉ាងខ្លាំងក្លាបែបនេះ បានធ្វើឱ្យបរិមាណទឹកក្រោមដី មានការថយចុះ ដែលធ្វើឱ្យការជីកអណ្តូងពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែជ្រៅទៅៗ។

ការអំពាវនាវបែបននេះលោក នេត្រ ភក្ត្រា បានឡើងពីលើខ្នងភ្នំគូលែន ជាទីដែលលោកបានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មាន ចុះស្វែងយល់ពីការអនុវត្តសាកល្បងគម្រោងបង់ថ្លៃ សេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) និងដើម្បីបញ្ជ្រាបការយល់ដឹង ដល់សាធារណជនតាមរយៈអ្នកសារេព័ត៌មាន នាធ្វើងនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យរូបនេះ បានបន្តថា គម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (Payment for Ecosystem Services) ឬហៅកាត់ថា ភី អ៊ី អេស (PES) ដែលជាយន្តការហិរញ្ញវត្ថុសំដៅដល់ «អ្នកប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ី ត្រូវបង់ថ្លៃជាសាច់ប្រាក់ ដល់អ្នកដែលការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាដល់និរន្តរភាពនៃសេវាកម្ម ដែលផលិតដោយប្រព័ន្ធអេកូឡូស៊ីនៅតំបន់ណាមួយ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចដល់ក្រសួងបរិស្ថាន ពិនិត្យនិងសិក្សាអនុវត្តសាកល្បងការបង់ថ្លៃសេវា ប្រព័ន្ធអេកូឡូស៊ីនេះជាមួយអ្នកពាក់ព័ន្ធ និងរៀបចំគោលនយោបាយនៃការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះ ដើម្បីរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធជាពិសេសថា្នក់ក្រោមជាតិ ដែលជាអ្នកអនុវត្ត PES ថ្នាក់ខេត្ត បានសម្រេចលើយន្តការនៃការអនុត្ត និងកៀរគរថវិកាដោយជ្រើសយកជម្រើសសមស្រប ដែលបានសម្រេចឱ្យអនុវត្ត PES នៅភ្នំគូលែន គឺទី១៖ ការរួមវិភាគទានដោយស្ម័គ្រចិត្តពីអ្នកប្រើប្រាស់ទឹកក្នុងបរិមាណច្រើន (អាជីវកម្ម), ទី២៖ ការបង់ព័ន្ធលើការប្រើប្រាស់ទឹក ជាលក្ខណៈពាណិជ្ជកម្មរួមទាំងអ្នកផលិត និងចែកចាយ។

លោកបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ថវិកាដែលទទួលបានពីការអនុវត្តនេះ នឹងត្រូវចូលទៅក្នុងមូលនិធិបរិស្ថាន និងសង្គមដែលគ្រប់គ្រងដោយ ក្រសួងបរិស្ថានដើម្បីអាចប្រើប្រាស់ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីននៅភ្នំគូលែន។ ឧទ្យានជាតិភ្នំគូលែននៅ ខេត្តសៀមរាប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយ ក្នុងខេត្តព្រះសីហនុ គឺជាទីតាំង២ ដែលរាជរដ្ឋាភិ បាលសម្រេចយក ដើម្បីអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី»

ទន្ទឹមនឹងនេះដែរ នេត្រ ភក្ត្រា បានឱ្យដឹងថា តាមការវិភាគទានប៉ាន់ស្មានពីការអនុវត្ត PES សម្រាប់ឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន ក្នុងខេត្តសៀមរាប ប្រសិនបើជម្រើសនៃការប្រមូលការបង់ថ្លៃអេកូឡូស៊ីខាងលើ ត្រូវបានអនុវត្តពេញលេញនោះ យើងអាចមានលទ្ធភាពប្រមូលថវិកាបានពី២.៩ ទៅ៣.៩លានដុល្លារ ក្នុង១ឆ្នាំ។ ថវិកាដែលប្រមូលបានពីការអនុវត្តសាកល្បង PES នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការថែរក្សា ការពារ និងស្តាមុខងារប្រព័ន្ធអេកូឡូស៊ី នៅតំបន់ដែលបានអនុវត្តដូចជា៖ ការការពារ និងស្តារព្រៃឈើនៅតំបន់ផ្ទៃរងទឹកភ្លៀង ឬទីជម្រាល ការស្តារប្រព័ន្ធផ្លូវទឹកធម្មជាតិ ដែលរងការខូចខាត ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់កម្រិតជីវៈភាពសហគមន៍ ដែលជាអ្នកមានតួនាទី ក្នុងការពារតំបន់ខ្សែទឹកខាងលើ។

តាមជំនឿ ទឹកពីភ្នំគូលែន គឺជាទឹកអម្រឹត ហើយការសិក្សាបែបវិទ្យាសាស្ត្រមួយចំនួនក៏បានបង្ហាញថា ទឹកពីភ្នំគូលែន គឺជាទឹកដែលមានគុណភាពល្អ សម្រាប់ប្រើប្រាស់របស់មនុស្សផងដែរ។

រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ដើម្បីឱ្យមាននិរន្តរភាពសេវាកម្ម ប្រព័ន្ធអេកូឡូស៊ីនៅឧទ្យានជាតិភ្នំគូលែន ជាពិសេសទឹកដែលមានប្រភពពីភ្នំគូលែន ចាំបាច់ត្រូវការពារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីភ្នំគូលែន ដូចជាការទប់ស្កាត់ការបាត់បង់ព្រៃឈើ ការស្តារឡើងវិញនូវព្រៃឈើ និងប្រព័ន្ធទឹកធម្មជាតិដែលបាត់បង់និងខូចមុខងារ ទប់ស្កាត់ការបំពុលទឹកក្នុងស្ទឹង និងទឹកក្រោមដី។

លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកផ្នែកជីវៈចម្រុះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចដល់ក្រសួងបរិស្ថានពិនិត្យ និងសិក្សាអនុវត្តសាកល្បងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ីនេះ ជាមួយអ្នកពាក់ព័ន្ធ និងរៀបចំគោល នយោបាយនៃការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះ ដើម្បីរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

លោកស្រីបានបន្តថា យន្តការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះ ជាផ្នែកមួយជួយសម្រួលដល់រាជរដ្ឋាភិបាល និងម្ចាស់ជំនួយនានា ដើម្បីយកថវិកាទាំងនេះ ទៅប្រើប្រាស់លើកិច្ចកាពារធនធានធម្មជាតិ និងចំណាយទៅលើការអនុវត្តសកម្មភាពនានាជាដើម ដើម្បីអនុវត្តឱ្យធនធានធម្មជាតិមាននិវន្តរភាពផងដែរ។

លោក សាឃឿន សក្តា មន្ត្រីមន្ទីរបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ថា ទីតាំងភ្នំគូលែន គឺជាប្រភពក្បាលទឹកយ៉ាងធំធេង សម្រាប់ចែកចាយទឹកសម្រាប់ប្រើប្រាស់ទាំងវិស័កសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋស្ទើរទូទាំងខេត្ត ខណៈភ្នំគូលែន មានប្រភពទឹកជាង៥០ ប្រភព និងមានទំបន់ទឹកធំៗចំនួន០៩កន្លែង ដែលត្រូវបានអ្នកសៀមរាប នាំគ្នាហៅថាជាអាងទឹកធម្មជាតិមួយ ពីព្រោះនៅលើខ្នងភ្នំមានសសៃឈាម ទឹកហូរចេញចូលមានច្រើនអនេកទាំងរដូវប្រាំង និងវស្សា។

លោក សាឃឿន សក្តា បានបន្ថែមថា ខណៈនៅលើខ្នងភ្នំគូលែន គឺមានអាងទឹក និងទំបន់ទឹកបុរាណដែលមានទំហំជាង១០០ហិកតា។ បើមើលតាមភូមិសាស្ត្រភ្នំគូលែន ស្ថិតនៅចំកណ្តាលបេះដូងខេត្តសៀមរាប អ្វីដែលកាន់តែពិសេសនោះ គឺទឹកហូរពីលើភ្នំចាក់ចូលក្នុងតំបន់អង្គរ ដែលមានបារាយណ៍ខាងលិចជាស្តុកទឹកទុកប្រមាន ១១១លានម៉ែត្រគូប សម្រាប់ឱ្យប្រជាកសិករប្រើប្រើស្រោចស្រពដំណាំផ្សេងៗ និងហូរចាកដល់បឹងទន្លេសាបផងដែរ។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា មានស្ទឹងចំនួន០៣ធំៗ ដែលបានហូរចេញពីភ្នំគូលែន សម្រាប់ចែកចាយទឹក គឺមានស្ទឹងរលួស ស្ថិតនៅខាងកើតខេត្ត, ស្ទឹងសៀមរាប ស្ថិតនៅផ្នែកកណ្តាលខេត្ត និងស្ទឹងពួក ស្ថិតនៅខាងលិចខេត្តជាដើម។ ក្រោយពីប្រភពទឹកតំបន់ភ្នំគូលែន គឺសំបូរទៅដោយតំបន់បេតិកភណ្ឌដែលមានប្រាង្គប្រាសាទជាង៤០ប្រាសាទ ព្រមទាំងប្រាំងប្រាសាទមួយចំនួនទៀត ដែលក្រុមការជំនាញមិនទានត់រកឃើញជាដើម។

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាទីតាំងប្រវត្តិសាស្រ្តដ៏មានសារសំខាន់មួយ ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្រ្តច្រើន ប្រភេទមានដូចជា សំណង់ប្រាសាទបុរាណ វត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ ប្រព័ន្ធទឹកធម្មជាតិ និងសហគមន៍។ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកសាប និងទឹក្រោមដីសម្រាប់ក្រុងសៀមរាប ជាពិសេសផ្តល់ជាប្រភពទឹកក្រោមដី សម្រាប់រក្សាលំនឹងប្រាសាទបុរាណ ដែលភាគច្រើនសាងសង់លើទម្រដីខ្សាច់។ នៅឧទ្យានជាតិជ័យវរ្ម័ន-នរោត្តមភ្នំគូលែន មានផ្ទៃដីទំហំ ៣៧,៣៧៣ហិកតា មានប្រភពទឹកធំៗប្រមាណ ៥០កន្លែង និងមានអាងស្តុកទឹកធំៗជាង១០ ដែលមានទីតាំងនៅចំកណ្តាលខេត្តសៀមរាប និងមានតួនាទីជាអ្នកផ្គត់ផ្គង់ ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងខេត្ត៕