(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ។

រយៈពេល៥ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជា។

ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វត្ថុសំណាកនៅសល់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ចំនួន៥៣០សំណាក និងវត្ថុសំណាកនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៦២២សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ គឺលទ្ធផលអវិជ្ជមានទាំងអស់។ ដោយឡែកនៅសល់វត្ថុសំណាកចំនួន ២៣សំណាកទៀត ដែលត្រូវធ្វើការវិភាគបន្តនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ។

សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣០នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៧នាក់៕