(ភ្នំពេញ)៖ វេទិកានិពន្ធនាយកលើកទី១៧ បានចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ដោយលើកឡើងថា ទោះជាស្ថិតក្នុងស្ថានភាពលំបាក យ៉ាងណាក៏ដោយ ក៏អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបន្ធូរដៃឡើយ ពីព្រោះវាជាតម្លៃ និងជាជំនឿរបស់មហាជន ដែលមិនអាចបោះបង់បានក្នុងគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះ វេទិកានិពន្ធនាយកលើកទី១៧ យល់ឃើញថា ការចូលរួមបន្សាបព័ត៌មានក្លែងក្លាយ តាមរយៈការផ្តល់ព័ត៌មាន ពិតដល់ប្រជាពលរដ្ឋឲ្យបានលឿនរហ័ស គឺជាតួនាទីមិនអាចខ្វះបានរបស់សារព័ត៌មានអាជីពក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងកាលៈទេសៈ ដែលមានវិបត្តិជំងឺឆ្លងកាចសាហាវ ឬពេលមានហានីភ័យផ្សេងៗទៀត ដែលងាយធ្វើឲ្យពលរដ្ឋទទួលរងគ្រោះ។

វេទិកានិពន្ធនាយកលើកទី១៧ យល់ឃើញថា ក្លិបអ្នកកាសែតកម្ពុជា ក៏ដូចជាសមាគមសារព័ត៌មានផ្សេងទៀត មានតួនាទីសំខាន់ក្នុងការចូលរួមចំណែក បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន។

ក្រៅពីនេះ វេទិកានិពន្ធនាយកលើកទី១៧ សូមអំពាវនាវដល់អាជ្ញាធររដ្ឋគ្រប់លំដាប់ថ្នាក់ សូមផ្តល់កិច្ចសហការល្អដល់អ្នកសារព័ត៌មាន ដោយគោរពឲ្យបានខ្ជាប់ខ្ជួន សេរីភាពសារព័ត៌មាន ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីអនុញ្ញាតឲ្យអ្នកសារព័ត៌មាន អាចបំពេញការងារបានដោយងាយស្រួល និងទទួលបានព័ត៌មានច្បាស់លាស់ និងទាន់ពេលវេលាដើម្បីផ្សព្វផ្សាយជូនមហាជន។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំនូវវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៧ ស្តីពី «តួនាទីសារព័ត៌មាន ក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

សូមជម្រាបថា ក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយកលើកទី១៧ ក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំ ស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ គោរពច្បាប់ គោរពគោលការណ៍ កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដែលកម្ពុជាក៏ដូចជាសកលលោកទាំងមូល កំពុងទទួលរងគ្រោះមហន្តរាយ ដែលបង្កឡើងដោយជំងឺកូវី១៩ ដ៏គួរឲ្យព្រួយបារម្ភ និងក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមឱកាសនិយមមួយចំនួន ដែលបានប្រឆាំងនឹងការ រស់ឡើងវិញរបស់ប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងសង្គមនានា ធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយ បំភ្លៃការពិត បំប៉ោងសភាពការណ៍ បំពុលបរិយាកាសសង្គម ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយអូសទាញប្រទេសជាតិឱ្យធ្លាក់ទៅក្នុងសង្គ្រាម ដើម្បីបម្រើមហិច្ឆតាលោភលន់របស់ពួកគេ។

សម្តេចបន្តថា រាល់ឧបាយកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនោះ ត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ ដោយចំណាត់ការសមស្រប និងបានទាន់ពេលវេលារបស់ រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័នសារព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មាន និងធ្វើការបកស្រាយអំពីល្បិចកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមជូនដល់ប្រជាពលរដ្ឋបានយល់ដឹងពីសភាពការណ៍ពិតនៅកម្ពុជា។

ដូចនេះ ស្ថាប័នព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយផ្សព្វផ្សាយនូវព័ត៌មានពិត និងធ្វើការបកស្រាយឲ្យបានទាន់សភាពការណ៍ ដើម្បីបន្សាប និងបំផ្លាញចោលរាល់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិក្រុមឱកាសនិយម ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានា ដើម្បីបំពុលបរិយាកាសសង្គម និងក្រុមទុច្ចរិតដែលកំពុងជ្រកក្រោមស្លាកស្ថាប័នសារព័ត៌មាន ធ្វើសកម្មភាពខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលបានអនុវត្តវិជ្ជាជីវៈត្រឹមត្រូវ៕