(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងអំពាវនាវ ដល់ក្រុមការងារគណបក្សទាំងអស់ ត្រូវចូលរួមចុះមូលដ្ឋានឲ្យបានសកម្មបន្ថែមទៀត ដើម្បីដឹងពីសុខទុក្ខពលរដ្ឋ ហើយត្រូវដោះស្រាយរាល់ការសំណូមពរក៏ដូចជាកង្វល់នានា ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវផ្ដល់សេវាសាធារណៈឲ្យបានល្អប្រសើរផងដែរ។

លោកថ្លែងបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រធានអនុប្រធានសមាជិកបក្ស និងសមាជិកបក្សឃុំពងទឹកស្រុករំដួល ខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សឃុំ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

លោក ចាន់ កុលបុត្រ បានថ្លែងនូវការកោតសរសើរដល់ប្រធាន អនុប្រធាន សមាជិកបក្សឃុំពងទឹក និងក្រុមការងារបក្ស សមាជិកបក្សទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការកៀរគរសមាជិកបក្សថ្មី និងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ និងបានដោះស្រាយនៅទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលធ្វើឱ្យមានការគាំទ្រ មកលើគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន។

លោកបានបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២ ជិតមកដល់ហើយ ដូច្នេះសមាជិកបក្សទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការចុះមូលដ្ឋាន គឺធ្វើយ៉ាងណាអនុវត្តគោលនយោបាយពង្រឹងចាស់ពង្រីកថ្មី ដើម្បីជោគជ័យនៃការបោះឆ្នោតខាងមុខនេះ។ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ បានដឹងយល់ជ្រួតជ្រាបពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសនោះលោក ចាន់ បុលបុត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចាត់វិធានការ យ៉ាងមានប្រសិទ្ធភាពខ្ពស់របស់ សម្តេចតេជោ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឹឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ដើម្បីរក្សា សុខភាព និងសេដ្ឋកិច្ច ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។

លោកក៏បានរំលឹកអំពីការផ្តាំផ្ញើរបស់សម្តេចតេជោ ចំពោះស្ថានភាពការឆ្លងសហគមន៍នេះ មិនទាន់បានបិទបញ្ចប់នៅឡើយទេ និងសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាអាជ្ញាធរដែនដី ត្រូវអនុវត្តការធ្វើអនាម័យជាប្រចាំ លាងដៃជាមួយសាប៊ូ អាកុល ជែល ពាក់ម៉ាស និងនៅគម្លាតគ្នាជាដើម។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរលោក ចាន់ កុលបុត្រ ក៏បាននាំសម្ភារអនាម័យចែកជូនប្រធានគណបក្សឃុំ និងប៉ុស្តិ៍រដ្ឋបាលនគរបាលផងដែរ៕