(បន្ទាយមានជ័យ)៖ ដំណាំស្រូវបង្កើនរដូវជាង ៨ពាន់ហិកតា របស់ប្រជាកសិករក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលត្រូវបានស្តារឡើងវិញ ក្រោយពីជំនន់ទឹកភ្លៀងបំផ្លាញកាលពី ខែតុលា ឆ្នាំ២០២០ កន្លងមកនេះ កំពុងមានដើមលូតលាស់ល្អនៅគ្រប់ទីកន្លែង។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោករ័ត្ន ដា ស៊ុំណង់ អភិបាលស្រុកមង្គលបូរី និងក្រុមការងារជាច្រើននាក់ នៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានចុះទៅពិនិត្យមើលសកម្មភាពស្តារការដាំដុះដំណាំស្រូវឡើងវិញនោះ។

លោកអភិបាលខេត្តបញ្ជាក់ថា ស្រូវប្រជាកសិករកំពុងធ្វើនោះមានការលូតលាស់ល្អ គឺជាពូជស្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ជូនប្រជាកសិករ ក្នុងស្រុកមង្គលបូរី។ ស្រូវទាំងនោះ នៅក្នុងភូមិសាស្ត្រ ឃុំចំណោម ឃុំសឿ និងឃុំរហាត់ទឹក។

លោកបានបន្តទៀតថា លោកជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អភិបាលស្រុកមង្គលបូរី ព្រមទាំងក្រុមការងារឃុំ បានចុះទៅដល់វាលស្រែ និងបានពិនិត្យមើលស្ថានភាពស្រូវ និងស្ថានភាពទឹក ដើម្បីមានវិធានការឆ្លើយតបដោះស្រាយ ក្នុងករណីមានបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រពនាពេលខាងនោះ។

លោក អ៊ុំ រាត្រី បានធ្វើការក្រើនរម្លឹកដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមទាំងអស់គ្នាឲ្យរក្សាទឹកទុក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីចៀសវាងបញ្ហាប្រឈមការខ្វះខាត ទឹកនៅពេលខាងមុខនោះផងដែរ៕