(ភ្នំពេញ)៖ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានផ្លូវចំនូន៧ខ្សែ ដែលបាននិងកំពុងជួសជុលឡើងវិញ ទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងសកម្មភាពចុះពិនិត្យការដ្ឋាន នៅផ្លូវលេខ២៨៥ នាព្រឹកថ្ងៃទី១៩ ខែធ្នូនេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានឲ្យដឹងថា ផ្លូវលេខ២៨៥ មានប្រវែង៤៩០ម៉ែត្រទទឹង៨ម៉ែត្រកន្លះ តភ្ជាប់ពីផ្លូវលេខ៥១៦ទៅផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ជាផ្លូវមួយ ក្នុងចំណោមផ្លូវទាំង៧ខ្សែក្នុងខណ្ឌ ដែលលោក ឃួង ស្រេង បានសំរេចឲ្យធ្វើការជួសជុលកែលំអរឡើងវិញជាបន្ទាន់ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក លោក ឯក ឃុនដឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឃួង ស្រេង ដែលបានអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឲ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតក្រោយជំនន់ទឹកភ្លៀង តាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន បានឲ្យដឹងទៀតថា ផ្លូវលេខ២៨៥ ដែលត្រូវធ្វើការជួសជុលនាពេលនេះ គឺយើងកាយគ្រឹះចាស់ដែលខូចចេញ ធ្វើគ្រឹះជាថ្មីមុននឹងអ៊ុតកៅស៊ូ ទៅតាមស្តង់ដារបច្ចេកទេស។

លោកអភិបាលខណ្ឌ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដែលកំពុងតែដំណើរការជួសជុលនេះ ឲ្យមានការចូលរួមសហការអ្វី ដែលមានផលប៉ះពាល់ទៅលើផ្លូវ និង ចិញ្ចើមផ្លូវ សូមបងប្អូនរំកិលចូលក្នុង ឲ្យផុតទុកលទ្ធភាពឲ្យដំណើរការការដ្ឋានប្រព្រឹត្តទៅដោយរលូន និងបានរួចរាល់ តាមការគ្រោងទុក។ ម៉្យាងទៀតកំណាត់ផ្លូវនេះ ក៏ជាផ្លូវសំខាន់ក្នុងការរំដោះចរាចរពីផ្លូវលេខ៧០ (ទំនប់ទួលគោក) និងផ្លូវតំបន់អភិវឌ្ឍន៍បឹងកក់ផងដែរ។

លោក ឯក ឃុនឌឿន ក៏បានសុំការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរចំពោះការបិទផ្លូវ នៅទីតាំងជួសជុលផ្លូវរយៈពេលពេលខ្លី ដើម្បីឲ្យគ្រឿងចក្រងាយស្រួល ក្នុងការចល័តក្នុងការដ្ឋាន៕