(កំពង់ស្ពឺ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព របស់ក្រុមហ៊ុនចំនួន៤ ដែលកំពុងត្រៀមលក្ខណសម្បត្តិ លើការងារបច្ចេកទេសបានត្រឹមត្រូវ ឆ្លើយតបតាមលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ សម្រាប់នាំចេញស្វាយកែវរមៀតស្រស់ ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

ក្រុមហ៊ុនទាំងនោះ រួមមាន ទី១៖ ក្រុមហ៊ុន Green Centric Farm Co., Ltd, ទី២៖ ក្រុមហ៊ុន បឹងកេត ហ្វេសហ៊្រូត ឯ.ក, ទី៣៖ ក្រុមហ៊ុន Long Wo Agriculture (Cambodia) និងទី៤៖ ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន ឯ.ក។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន បានស្នើឲ្យក្រុមហ៊ុន ជួយបណ្តុះបណ្តាលបច្ចេកទេស ដល់ម្ចាស់ចម្លារ ដើម្បីឲ្យពួកគាត់ទទួលយកបច្ចេកវិទ្យា ទៅអនុវត្ត ក្នុងចម្ការ ឬអនុវត្ត GAP ធ្វើយ៉ាងណាធានាបាននូវស្តង់ដារចម្ការ មានអនាម័យ គុណភាព និងសុវត្ថិភាពផលិតផលស្វាយ ធានាបានតម្លៃ លើវត្ថុធាតុដើមនេះ។

បន្ថែមពីនោះទៀត រដ្ឋមន្ត្រី វេង សាខុន ក៏បានប្រាប់ឲ្យក្រុមហ៊ុន ត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីសហការរៀបចំសហគមន៍ ឬបណ្តុំអាជីវកម្មស្វាយ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាបានត្រឹមត្រូវ ផ្តល់ប្រយោជន៍ឲ្យភាគីទាំងសងខាង។

រដ្ឋមន្ត្រីកសិកម្ម ក៏បានវាយតម្លៃខ្ពស់លើសមិទ្ធផល ដែលក្រុមហ៊ុនសម្រេចបាន ហើយសង្ឃឹមថា រាល់កិច្ចការដែលនៅសេសសល់ ក្រុមហ៊ុននឹងខិតខំ អនុវត្តឲ្យបាន សម្រេចទាន់ផែនការគ្រោងទុក ដើម្បីឲ្យទាន់សភាពការនៃការអនុវត្ត តាមខ្លឹមសារពិធីសារស្តី អំពី «លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយកម្ពុជា ទៅកាន់ទីផ្សារចិន»

សូមជម្រាបថា កម្ពុជា ចាប់ផ្តើមដឹកជញ្ជូនស្វាយស្រស់ ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០៕