(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ខេត្តតាកែវ គឺជាខេត្តមួយ ដែលផលិតពងទាកូនធំជាងគេ ក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សារ រាជធានី/ខេត្ត ទូទាំងប្រទេស។ នេះបើយោងតាម Facebook របស់រដ្ឋមន្ដ្រីកសិកម្ម។

យោងតាមរបាយការណ៍ពិស្តាររបស់មន្ទីរ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាឃុំមួយ មានប្រជាកសិករ ជាច្រើនគ្រួសារនិយមចូលចិត្តចិញ្ចឹមទា និងភ្ញាស់ពងទា ជាលក្ខណៈប្រពៃណីតៗគ្នាមក ដោយចាត់ទុកថា អាចជួយបង្កើនប្រាក់ចំណូល ក្នុងជីវភាពគ្រួសារ របស់ពួកគាត់បានយ៉ាងល្អប្រសើរ។

លោក សូត សុផល និងភរិយា នូ សាវឿន មានកូនប្រុស៣នាក់ រស់នៅភូមិសាមគ្គី ឃុំស្រែរនោង បានឲ្យដឹងថា គ្រួសារលោកបានចាប់ផ្តើមប្រកបរបរទិញលក់ពងទា និងកូនទានៅឆ្នាំ២០០៣ ដោយរដូវវស្សាដឹកកូនទាលក់ នៅរដូវប្រាំងស៊ីឈ្នួលដឹកពងទា អាចរកចំណូលបានត្រឹមតែ ៥០០,០០០-៦០០០០០រៀលក្នុងមួយខែ។ ឆ្នាំ២០០៧ លោកចាប់ផ្តើមបង្កើតឡភ្ញាស់អង្កាមចំនួន១ អាចដាក់ពងភ្ញាស់បានចំនួន១,២០០គ្រាប់ ក្នុងរយៈពេល៤ថ្ងៃ ហើយទទួលបានចំណូល ២,០០០,០០០-៣,០០០,០០០រៀលក្នុងមួយខែ។

ដោយពិនិត្យឃើញថារបរនេះ មានចំណូលខ្ពស់ និងមានទីផ្សារច្រើន ពិសេសទីផ្សារនៅរាជធានីភ្នំពេញ គ្រួសារលោកបានបង្កើនការភ្ញាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ រហូតដល់ឆ្នាំ២០១៦ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជា មួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមទា យកពង និងវិធីសាស្រ្តភ្ញាស់ពងទាដោយប្រើភ្លើងអគ្គិសនី។

ទទួលបានបទពិសោធន៍ លោកចាប់ ផ្តើមប្រើឡភ្ញាស់ពងទាដោយប្រើអគ្គិសនី ដែលអាចដាក់ពងទាភ្ញាស់បានចំនួន ៩,០០០គ្រាប់ ក្នុងរយៈពេល៤ថ្ងៃ។ ពីមួយជំហានទៅមួយជំហាន ភាពជោគជ័យកាន់តែល្អប្រសើរឡើង រហូតមកទល់បច្ចុប្បន្ន លោកមានឡភ្ញាស់ពងទាចំនួន២ ដែលអាចដាក់ពងភ្ញាស់បានចំនួន ៣០០,០០០គ្រាប់ក្នុងមួយខែ។ គាត់អាចលក់ផលិតផលចេញជា ៣ប្រភេទ៖

* ពងទា៦០,០០០គ្រាប់ក្នុងមួយខែ (៥០០-៥៥០រៀលក្នុងមួយគ្រាប់) ស្មើ៣១,៥០០,០០០រៀល
* ពងទាកូន៧៥,០០០គ្រាប់ក្នុងមួយខែ (៥០០-៦០០រៀលក្នុងមួយគ្រាប់) ស្មើ៤១,២៥០,០០០រៀល
* កូនទា១២,០០០-១៥,០០០ក្បាលក្នុងមួយខែ (១,៨០០-២,០០០រៀលក្នុងក្បាល) ស្មើ២៥,៦៥០,០០០រៀល។ ចំណូលដែលទទួលបានពីអាជីវកម្មនេះប្រមាណ ៩,០០០,០០០-១២,០០០,០០០រៀល ក្នុងមួយខែ។

លោកបានបញ្ជាក់បន្ថែមថា ក្នុងបរិបទនៃការរាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ នេះមានអ្នកភូមិជាច្រើន មិនបានទៅរកការងារខាងក្រៅ ហើយងាកមកចាប់ យករបរចិញ្ចឹមទាវិញ។ ដូចនេះ វាជាឱកាសដ៏ល្អមួយ សម្រាប់គាត់ធ្វើការពង្រីកអាជីវកម្មនេះបន្ថែមទៀត ដោយជ្រើសរើសយកអ្នកភូមិ ដែលគ្មានការងារធ្វើមកចូលរួមធ្វើការជាមួយលោក។

ដោយសារមានពលកម្មគ្រប់គ្រាន់ សព្វថ្ងៃគាត់អាចលក់ពងទាកូនបានចំនួន ៨០,០០០-១០០,០០០គ្រាប់ក្នុងមួយថ្ងៃ ទីផ្សារធំបំផុតគឺរាជធានីភ្នំពេញ។ បច្ចុប្បន្ននៅទូទាំងឃុំ មានឡភ្ញាស់ពងទាកូនចំនួន២៧ និងមានអ្នកចិញ្ចឹមទាហ្វូងចំនួន ៥៦គ្រូសារ ក្នុងនោះមានឡភ្ញាស់ដោយប្រើអង្កាមចំនួន១២ និងឡភ្ញាស់ដោយប្រើចរន្តអគ្គីសនីចំនួន១៥ ហើយពួកគាត់ក៏បានចងក្រងជាសមាគមអាជីវកម្មភ្ញាស់ពងទាកូនស្រែរនោង រួចហើយដែរ។

សព្វថ្ងៃនេះ គិតជាមធ្យមឃុំស្រែរនោងទាំងមូល អាចផ្គត់ផ្គង់ពងទាកូនឲ្យទីផ្សារបានចំនួន ២០០,០០០គ្រាប់ក្នុងមួយថ្ងៃ (ជ្រកក្រោមម្លប់ឈើត្រូវនឹកដល់អ្នកដាំ ផឹកទឹកអណ្តូងត្រូវនឹកដល់អ្នកជីក បរិភោគពងទាកូនត្រូវនឹកដល់ឃុំស្រែរនោង)៕