(ភ្នំពេញ)៖ អ្នកស្រី តាណាបេ កាអូរិ និងមានឈ្មោះជាភាសាខ្មែរថា គន្ធា លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាហើយ បន្ទាប់ពីបំពេញការងារជាលើកទី២ នៅក្នុងប្រទេសកម្ពុជារយៈពេល ៤ឆ្នាំកន្លះ (២០១៦-២០២០)។

អ្នកស្រី តាណាបេ កាអូរិ ឬហៅថា គន្ធា បានមកបំពេញការងារនៅក្នុងប្រទេសកម្ពុជាចំនួនពីរលើក។ ក្នុងនោះលើកទី១ មានរយៈពេល ៦ឆ្នាំកន្លះ ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៨ ហើយលើកទី២ គឺពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។

មុនមកបំពេញការងារនៅកម្ពុជា អ្នកស្រី តាណាបេ កាអូរិ បានចំណាយពេលរៀនភាសា និងអក្សរខ្មែររយៈពេលពីរឆ្នាំ។ ហេតុដូច្នេះធ្វើឱ្យអ្នកស្រីអាចនិយាយភាសាខ្មែរបានច្បាស់លាស់ផងដែរ។

ក្នុងបេសកកម្មនៅកម្ពុជា អ្នកស្រី តាណាបេ ទទួលបន្ទុកលើការងារផ្សព្វផ្សាយ ការងារវប្បធម៌ និងការងារផ្លាស់ប្តូរយុវជនជាដើម។ តាមរយៈការងារទាំងនេះ បូករួមជាមួយការចេះនិយាយភាសាខ្មែរផងនោះ ធ្វើឱ្យអ្នកស្រី តាណាបេ មានទំនាក់ទំនងល្អ និងជិតស្និទ្ធយ៉ាងច្រើនជាមួយមន្ត្រី សិស្សនិស្សិត និងអ្នកព័ត៌មានផងដែរ។

តាមរយៈទំនាក់ទំនង និងភាពស្និទ្ធស្នាលរយៈពេលជាង១០ឆ្នាំមកនេះ បានបន្សល់នូវការចងចាំ និងស្លាកស្នាមអនុស្សាវរីយ៍ល្អៗ និងផ្អែមល្ហែមជាច្រើនសម្រាប់អ្នកស្រី តាណាបេ ជាមួយប្រជាពលរដ្ឋ និងសង្គមកម្ពុជា។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកស្រី តាណាបេ កាអូរិ ឬហៅថា គន្ធា នឹងត្រូវហោះហើរចាកចេញពីកម្ពុជាហើយ។ មុននឹងចាកចេញពីកម្ពុជា អ្នកស្រី តាណាបេ បានបញ្ចេញវីដេអូឃ្លីបជម្រាប និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការទាំងឡាយរបស់មន្ត្រី និងប្រជាពលរដ្ឋកម្ពុជា។

ក្នុងវីដេអូនេះ អ្នកស្រី តាណាបេ បានលើកឡើងថា ក្នុងពេលបំពេញកិច្ចការនៅកម្ពុជា អ្នកស្រីទទួលបានការគាំទ្រ និងសហប្រតិបត្តិការពីមន្ត្រីនៅក្រសួងផ្សេងៗ និងស្ថាប័នអប់រំ និងស្ថាប័នវប្បធម៌ ដូចជាស្ថាប័នព័ត៌មានផងដែរ។ ទន្ទឹមនឹងនេះអ្នកស្រីក៏មានឱកាសជាច្រើនជួបជាមួយសិស្សនិស្សិតកម្ពុជា ហើយអ្នកស្រីសប្បាយរីករាយដែលបានឃើញភាពឈ្លាសវៃ ភាពសកម្ម និងភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរបស់ប្អូនៗទាំងអស់គ្នា។ ទាំងនេះបង្ហាញឱ្យឃើញពីសក្តានុពលភាពរបស់ប្រទេសកម្ពុជា។

អ្នកស្រី បានថ្លែងលើកឡើងថា តាមរយៈការងារនេះធ្វើឱ្យអ្នកស្រីមានអារម្មណ៍នឹកកម្ពុជា និងពលរដ្ឋកម្ពុជា ពេលបញ្ចប់ការងារពីកម្ពុជា។

អ្នកស្រី បានថ្លែងយ៉ាងដូច្នេះ «នៅពេលនេះខ្ញុំចាប់ផ្តើមមានអារម្មណ៍នឹកប្រទេសកម្ពុជាហើយ ដោយសារប្រទេសកម្ពុជា មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលតែងតែរាប់អានគ្នាជាមួយខ្ញុំ»

អ្នកស្រី ក៏បានថ្លែងសូមអធ្យាស្រ័យផងដែរ ដែលមិនបានជួបដោយផ្ទាល់ជាមួយអ្នកធ្លាប់មានទំនាក់ទំនង ដើម្បីជម្រាបលា ដោយសារតែស្ថានភាពជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។ អ្នកស្រីសង្ឃឹមថា មានឱកាសមកប្រទេសកម្ពុជា និងជួបគ្នាម្តងទៀត៕