(បន្ទាយមានជ័យ)៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ អមដំណើរដោយអធិការនគរបាលក្រុង មេបញ្ជាការអាវុធហត្ថក្រុង បានអញ្ជើញចុះពិនិត្យមើលក្រុមការងារសង្កាត់ភ្នៀត ដែលបានបិទទំនប់ស្ទាក់ទឹក នៅភូមិពង្រុស សង្កាត់ភ្នៀត ដើម្បីជាវិធានការរក្សាទឹកទុកប្រើប្រាស់នៅរដូវប្រាំងខាងមុខ។

លោក ហួ សាវឺ ចៅសង្កាត់ភ្នៀត បានប្រាប់ឲ្យដឹងថា ក្រុមការងារ និងបងប្អូនពលរដ្ឋ បានចុះបិទទឹកទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងនាពេលខាងមុខ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់អភិបាលខេត្ត និងក្រុង ស្តីពីវិធានការរក្សាទឹកទុកប្រើប្រាស់សម្រាប់ពេលខាងមុខ។ លោកបាននាំបងប្អូនពលរដ្ឋបិទទំនប់នេះមានរយៈពេល ៣ថ្ងៃហើយ ហើយក្រុមការងារកំពុងបន្តធ្វើយ៉ាងណាឲ្យបានឆាប់រួចរាល់ ដោយទំនប់ដែលត្រូវបិទនេះមានប្រវែងប្រមាណ ៥០ម៉ែត្រ។

លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា ដោយទទួលបានអនុសាសន៍ពីសំណាក់លោក អ៊ុ រាត្រី អភិបាលខេត្ត ក្នុងការត្រៀមរក្សាទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំង លោកបានចាត់ឲ្យអាជ្ញាធរសង្កាត់ធ្វើការបិទទឹកទុកប្រើប្រាស់។ ចំពោះវិធានការនេះមិនមែនតែមួយសង្កាត់នេះទេ ពោលគឺសង្កាត់ទាំង ៧ក្នុងក្រុង ដោយលោកបានដាក់ចេញវិធានការឲ្យគ្រប់សង្កាត់នីមួយៗ ត្រូវមានវិធានការរក្សាទឹកទុកប្រើប្រាស់ផងដែរ។

ទន្ទឹមនឹងនោះ លោកអភិបាលក្រុង បានអំពាវនាវដល់បងប្អូនពលរដ្ឋ សូមប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់ បើទោះជាឆ្នាំ២០២០ មានទឹកធំយ៉ាងណាក៏ដោយ ក៏មិនត្រូវបណ្តែតបណ្តោយដែរ ពោលគឺត្រូវមានវិធានការត្រៀមស្តុបទឹកទុកប្រើប្រាស់ ដើម្បីកុំឲ្យមានការខ្វះខាត និងត្រូវមានការចូលរួមពីប្រជាពលរដ្ឋផងដែរ៕