(ភ្នំពេញ)៖ តើលោកអ្នកបានទស្សនាវីដេអូខ្លីរបស់ Samsung ហើយឬនៅ? វីដេអូខ្លីដែលបង្ហាញបុរសម្នាក់ពាក់ Gear VR សំឡឹងមើលទៅប្រអប់ពន្លឺពណ៌ខៀវធ្វើឲ្យអ្នកទស្សនាមានចម្ងល់ និងចង់ដឹងថាតើមានអ្វីនៅក្នុងប្រអប់សម្ងាត់មួយនោះ?

ចាប់តាំងពីថ្ងៃទី៣១ ខែ មករា ដែលវីដេអូនេះចេញផ្សាយរហូតមកដល់ពេលនេះមានរយៈពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែទទួលបានអ្នកទស្សនារហូតដល់ទៅជាង ២លាននាក់ និងមាន Comment រហូតដល់ទៅជិត ២ពាន់នាក់។ មានអ្នកខ្លះនិយាយថា «ឱព្រះអើយ! Samsung ជំនាន់ក្រោយគឺជាប្រអប់ជ្រុង (Oh my god........... The next Samsung is a cube)» ហើយអ្នកខ្លះទៀតនិយាយថា «ការបែកធ្លាយ វីដេអូរបស់ Samsung Galaxy S7 ពិតជាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ គ្រាន់តែឈុតទីមួយសោះ ខ្ញុំមានអារម្មណ៍រំភើបដល់ម្លឹងទៅហើយ»។ នេះគ្រាន់តែព័ត៌មាននៅក្នុង YouTube របស់ Samsung តែប៉ុណ្ណោះ។ រហូត មកដល់ពេលនេះមានគេហទំព័រនៅក្នុងពិភពលោកវិញបានចេញផ្សាយព័ត៌មាននិងបង្ហាញវីដេអូនេះរហូតដល់ទៅ ៤៩០,០០០ និងមានអ្នកចូលអាន និងទស្សនាជាច្រើនអ្នក។

ចំណែកឯនៅក្នុងគេហទំព័រ VidShaker វិញបានបង្ហាញវីដេអូខ្លីរបស់ Samsung នេះដែរ មានអ្នកចូលទស្សនារហូតដល់ទៅជិត ២លាននាក់ និងអ្នកចុច LIKE រាប់ពាន់នាក់។
បើចង់ដឹងថាតើនឹងមានអ្វីនៅក្នុងប្រអប់សម្ងាត់មួយនេះសូមរង់ចាំទស្សនាទាំងអស់គ្នា នៅថ្ងៃទី២១ ខែ កុម្ភៈ នៅក្នុងព្រឹត្តិការណ៍សន្និបាតទូរស័ព្ទពិភពលោកឆ្នាំ ២០១៦ នៅឯប្រទេស អេស្ប៉ាញ ក្នុងទីក្រុងបាសេឡូ (Barcelona)៕