(ម៉ូស្គូ)៖ អគារកម្ពស់ប្រាំជាន់មួយ ត្រូវបានដួលរលំ បន្ទាប់ពីកើតមានករណី ផ្ទុះហ្គាសដ៏ខ្លាំងក្លា​មួយ ស្ថិត​នៅ​ក្នុង​ទីក្រុង Yaroslavl ប្រទេសរុស្ស៊ី ហើយបើតាមសេចក្ដីរាយការណ៍ របស់​អាជ្ញាធរបាន​ឲ្យ​ដឹងថា មនុស្ស ៤នាក់ត្រូវបានជួយសង្គ្រោះចេញពីគំនរអគារ និង​មនុស្សប្រមាណជាង ២០នាក់ផ្សេង​ទៀត កំពុងជាប់គាំងនៅក្រោមគំនរអគារ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅ​ថ្ងៃទី១៦ ខែកុម្ភៈ។

អាជ្ញាធរបានបញ្ជាក់ថា ករណីផ្ទុះហ្គាសដ៏ខ្លាំងនេះ បានកើតឡើងនៅម៉ោងប្រមាណជា ២ទៀបភ្លឺ (​ម៉ោងក្នុងតំបន់) ដែលបណ្ដាលឲ្យ អគារចាប់ផ្ដើមបាក់ស្រុតចាប់ពីជាន់ទីមួយ រហូតដល់ជាន់ទីប្រាំ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានសេចក្ដីរាយការណ៍ពីចំនួន មនុស្សស្លាប់ ឬរបួសនោះទេ គ្រាន់តែ​ដឹងថា មនុស្សបួននាក់ ត្រូវបានជួយសង្គ្រោះ ខណៈមនុស្សជាង ២០នាក់ទៀត​កំពុងជាប់គាំង។

នៅក្នុងអគារនោះ ត្រូវបានបញ្ជាក់ថា មានមនុស្សប្រមាណជា ៥០នាក់រស់នៅ ប៉ុន្តែនៅថ្ងៃកើតហេតុ មានមនុស្សតែជាង ២០នាក់ប៉ុណ្ណោះ ស្នាក់នៅ។

ដើមហេតុដែលនាំឲ្យមានករណីផ្ទុះនេះ នៅមិនទាន់មានសេចក្ដីបញ្ជាក់ពីអាជ្ញាធរនោះទេ ប៉ុន្តែ​តាមការ​សន្និដ្ឋានជាជំហានដំបូងគឺអាចបណ្ដាលមកពីឧបករណ៍ផ្ទុកហ្គាស៕