(​កណ្តាល)៖ រថយន្តដឹកទំនិញ​មួយគ្រឿង ដោយសារអ្នកបើកបរងងុយដេក ងោកមួយភាំងក៏បណ្តាលឲ្យ រថយន្តរេពេញផ្លូវជ្រុល​ចង្កូតទៅធ្លាក់​ចូលទៅក្នុង​​រណ្តៅ​ការដ្ឋានផ្លូវ​កំពុងសាងសង់ ក្រឡាប់ចាក់​ទំនិញប្រភេទ​គ្រឿងជ័រ​ ចូលក្នុងរណ្តៅការដ្ឋាន​​ ចំណែកអ្នកបើកបរវិញ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត​៥ភ្លឺ ព្រឹកថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ​ផ្លូវជាតិលេខ២១បេ មុខសឹករងព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តល។

រថយន្តដែលធ្លាក់​រណ្តៅ​ការដ្ឋាន​នោះ​ម៉ាកសាំយ៉ុង ពណ៌លឿន ពាក់ស្លាកលេខ កណ្តាល 2A-6816 អ្នកបើកបរដោយយុវជនម្នាក់ មិនបានប្រាប់ឈ្មោះនោះឡើយទេ ។ បើយោងតាមយុវជនម្នាក់ដែល​ជាអ្នកបើកបររថយន្តនោះ​ បាននិយាយថា មុនពេលកើតហេតុខ្លួន​បានបើក​រថយន្តនេះដឹកទំនិញ​ពីព្រំ​ប្រទល់កម្ពុជា-​វៀតណាម ដែលជាទំនិញប្រភេទគ្រឿងជ័រ​ផលិតនៅ​ប្រទេសវៀតណាម មានដូចជាកញ្ច្រែង​ឬធុងជ័រជាដើម ក្នុងគោលបំណងទៅចែកចាយ​លើទីផ្សារនានា​ក្នុងរាជធានីភ្នំពេញ លុះមកដល់កន្លែងកើតហេតុ ដោយសារខ្លួនងងុយដេកពេកក៏ងោកមួយភាំង ក៏បណ្តាលឲ្យរថយន្តជ្រុលទៅធ្លាក់ រណ្តៅការដ្ឋានបែបនេះ ប៉ុន្តែរូបគេគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ និង មិនបានបង្ករបួសស្នាមដល់អ្នកដ៏ទៃនោះឡើយ។ ក្រោយពេលកើតហេតុ យុវជនម្ចាស់រថយន្ត​ បានហៅរថយន្តស្ទូច​មកស្ទូច​យកទៅជួសជុល​ដោយខ្លួនឯង ។

អ្នកធ្វើដំណើរដែលឃើញហេតុការបាននិយាយថា សំណាងល្អណាស់ខណៈ​អ្នកបើកបរងោកមួយភាំង​រហូតជ្រុលធ្លាក់​ក្នុង​រណ្តៅការដ្ឋាន​បែបនេះ ហើយគ្មានអ្នកដំណើរមក ប្រសិនបើមាន​ម៉ូតូឡានមក​ដល់វិញនោះ និងជួបបញ្ហាធំជាមិនខាន ដូច្នេះអ្នកបើកបរ បើស្រវឹងឬងងុយដេក គួរសម្រាកសិនចាំស្វាងចាំទៅទៀត ដើម្បីបញ្ជៀសគ្រោះថ្នាក់​ដែលកើតឡើងជាយ​ថាហេតុ៕